ព័ត៌មានជាតិ

កម្ពុជាស្នើឲ្យចិន ពន្លឿនការចរចា ពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្ម មួយចំនួនទៀត

ភ្នំពេញ ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានស្នើឲ្យភាគីចិនពន្លឿនការចរចា ពិធីសារ អនាម័យ និងភូតគាមអនាម័យ ទៅលើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខា សម្រាប់នាំចេញ ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច និងសំបុកទឹកមាត់ត្រចៀកកាំជាដើម ។ នេះបើយោងតាមគេហទំព័រ ហ្វេសប៊ុករបស់ ក្រសួងពាណិជ្ជកម្ម ។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពី «ពិព័រណ៍នាំចូលអន្តរជាតិចិន លើកទី៣ ឆ្នាំ២០២០» រវាងកម្ពុជា-ចិន នៅ ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ លោក ប៉ាន សូរស័ក្តិ រំលឹកថា កន្លងទៅ កម្ពុជា-ចិន បានចុះពិធីសារ អនាម័យ និងភូតគាមអនាម័យ ជាបន្តបន្ទាប់ ក្នុងការនាំចេញកសិផលពីកម្ពុជាទៅកាន់ប្រទេសចិន រួមមាន អង្ករ ដំឡូងមី ពោត ចេក និងផ្លែស្វាយ។
លោក បានថ្លែងថា «សូមស្នើសុំភាគីចិនជួយពន្លឿនការចរចាពិធីសារអនាម័យ និងភូតគាមអនាម័យ លើផលិតផលកសិកម្មមួយចំនួនទៀត ដើម្បីឈានទៅចុះហត្ថលេខាសម្រាប់នាំចេញ ផ្លែមៀន ស្រកានាគ ម្នាស់ ទុរេន ម្រេច គ្រាប់ស្វាយចន្ទី ស្កសរ ដូង និងសំបុកទឹកមាត់ត្រចៀកកាំ»។

លើសពីនេះ រដ្ឋមន្រ្តីពាណិជ្ជកម្ម ក៏បានស្នើភាគីចិនឲ្យជួយគាំទ្រអភិវឌ្ឍន៍ធុរកិច្ច ដែលកំពុងងើបឡើង ដូចជា សេដ្ឋកិច្ចឌីជីថល ធុរកិច្ចតាមប្រព័ន្ធអេឡិចត្រូនិច ជាដើម និងជួយកម្ពុជារៀបចំរចនាសម្ព័ន្ធ ឧស្សាហកម្មឲ្យប្រសើរឡើង និងលើកកម្រិតឧស្សាហូបនីយកម្មស្របតាមការវិវឌ្ឍ នៃសេដ្ឋកិច្ចសកល ផងដែរ។

ឆ្លៀតឱកាសនោះដែររដ្ឋមន្រ្តីពាណិជ្ជកម្មបានបញ្ជាក់ថាកម្ពុជាបានត្រៀមលក្ខណៈចូលរួមពិព័រណ៍ទំនិញនាំចូលអន្តរជាតិចិន លើកទី៣ ពីថ្ងៃទី៥-១០ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីក្រុងសៀងហៃ ជាមួយនឹងក្ដីរំពឹងថា ស្ថានភាពនៃការរាតត្បាតនៃជំងឺកូវីដ-១៩ លើពិភពលោក នឹងត្រូវបានគ្រប់គ្រងបាន និងមានជើងហោះហើរជាប្រក្រតីឡើងវិញ៕ដោយ ៖ អេង ប៊ូឆេង

To Top