កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅថ្ងៃទី ៣១ ខែកក្កដាឆ្នាំ២០២០ នេះ បានដឹកនាំក្រុមការងារ មន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យដំណាំស្រូវរបស់ប្រជាពលរដ្ឋ នៅក្នុងស្រុកព្រៃឈរ និងស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
តាមប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម លោក អ៊ុម វិបុល បានឲ្យដឹងថា លោកអភិបាលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យ គឺជាដំណាំស្រូវត្រូវប្រមូលផល,ត្រៀមប្រមូលផល នឹងត្រូវព្យួរដាំដុះថែមទៀត ស្ថិតនៅភូមិប្រវ៉ាស់ ឃុំបឹងណាយ ក្នុងស្រុកព្រៃឈរ លើផ្ទៃដីវស្សា ៥០ហិកតា ហើយអ្នកត្រូវប្រមូលផលចំនួន៧០គ្រួសារ ក្នុងនោះទិន្នផលជាមធ្យមបាន ៦ តោន ក្នុងមួយហិចតា , ហើយក្នុងតំបន់នេះ កសិករអាចដាំស្រូវបាន២ ឬ៣ដង ក្នុងមួយឆ្នាំ ដោយប្រើប្រភពទឹកពីតំបន់ទឹកឆា ។
ទន្ទឹមនឹងនោះ លោក អ៊ុម វិបុល បានឲ្យដឹងទៀតថា ចំពោះដំណាំស្រូវ នៅភូមិឈូក ឃុំគោករវាង ស្រុកជើងព្រៃ ផ្ទៃដីប៉ះពាល់មាន ៩៤ហិកតា ។ ដោយឡែកប្រជាកសិករដែលទទួលផលមាន ២២៥គ្រួសារ ស្រូវវស្សា ហើយតំបន់នោះគ្មានប្រភពទឹកទេ គឺដាំដុះពឹងផ្អែកលើទឹកភ្លៀងទាំងស្រុង ។
សូមបញ្ជាក់ផងដែរថា នៅថ្ងៃដដែលនេះ ក្រៅពីការចុះពិនិត្យមើលផលដំណាំស្រូវរបស់ប្រជាពលរដ្ឋ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា បានដឹកនាំក្រុមការងារចុះពិនិត្យមើលតំបន់រមណីយដ្ឋានទឹកឆា ស្ថិតនៅក្នុងស្រុកព្រៃឈរ ក្នុងគោលបំណងរៀបចំសណ្ដាប់ធ្នាប់ និងកំណត់ព្រំប្រទល់ច្បាស់លាស់ រវាងស្រុកចំការលើ ស្រុកជើងព្រៃ និងស្រុកព្រៃឈរ ។ ម្យ៉ាងទៀតតំបន់រមណីយដ្ឋានទឹកឆានេះដែរ គឺជាកន្លែងដែលមានសោភ័ណ្ឌភាពស្រស់ស្អាត សម្រាប់ទាក់ទាញភ្ញៀវទេសចរដ៏ធំមួយ នៅក្នុងខេត្តកំពង់ចាមផងដែរ ។