បរទេស៖ សហភាពអឺរ៉ុប នៅថ្ងៃព្រហស្បតិ៍នេះ បានដាក់ទណ្ឌកម្មផ្នែក ការធ្វើដំណើរនិងហិរញ្ញវត្ថុ លើនាយកដ្ឋានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី និងលើក្រុមហ៊ុនមកពី ប្រទេសកូរ៉េខាងជើង និងប្រទេសចិន ជុំវិញការសង្ស័យ បានចូលរួមក្នុងការវាយប្រហារ តាមអ៊ីនធឺណេតដ៏ធំ នៅទូទាំងពិភពលោក។
ក្នុងទណ្ឌកម្មដំបូងបំផុត ពាក់ព័ន្ធការវាយប្រហារ តាមអ៊ីនធឺណេតនេះ សហភាពអឺរ៉ុបបានផ្តោតគោលដៅ លើនាយកដ្ឋានទទួលបន្ទុក បច្ចេកវិទ្យាពិសេសរបស់ទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់យោធារុស្ស៊ី ដែលមានឈ្មោះថា អគ្គនាយកដ្ឋាននៃអគ្គសេនាធិការ កងកម្លាំងប្រដាប់អាវុធ របស់សហព័ន្ធរុស្ស៊ី ។
គួរបញ្ជាក់ថា សហភាពអឺរ៉ុបបានចោទប្រកាន់ ទីភ្នាក់ងាររុស្ស៊ី ពីបទធ្វើការវាយប្រហារ តាមអ៊ីនធឺណេតចំនួនពីរ នៅក្នុងខែមិថុនា ឆ្នាំ២០១៧ ដែលវាយប្រហារ ក្រុមហ៊ុនជាច្រើននៅអឺរ៉ុប បណ្ដាលឲ្យមានការ ខាតបង់ហិរញ្ញវត្ថុដ៏ធំ ហើយទីភ្នាក់ងាររុស្ស៊ីនេះ ក៏ត្រូវបានគេចោទពីបទ ធ្វើការវាយប្រហារតាមអ៊ីនធឺណេត លើបណ្ដាញអគ្គិសនី របស់ប្រទេសអ៊ុយក្រែន នៅក្នុងឆ្នាំ២០១៥ និង២០១៦ផងដែរ ៕
ប្រែសម្រួល៖ ប៉ាង កុង