យោងតាមការស្នើសុំ ពីធនាគារជាតិនៃកម្ពុជា នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២០ នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់តាំង លោកវេជ្ជបណ្ឌិត ស៊ុំ សោភ័ណ និងលោក ហេង សុផាន់ណារិទ្ធ បានទទួលជួប ពិភាក្សាការងារជាមួយមន្ត្រីជាន់ខ្ពស់ ធនាគារជាតិនៃកម្ពុជា នៅការិយាល័យ ប.ស.ស. ស្នាក់ការកណ្តាល រាជធានីភ្នំពេញ ។
កិច្ចជំនួបពិភាក្សាការងារខាងលើ គឺផ្តោតសំខាន់ទៅលើ ការស្នើសុំប្រើប្រាស់ សេវារបបសន្តិសុខសង្គម ជូនមន្រ្តី និងបុគ្គលិក របស់ធនាគារជាតិ នៃកម្ពុជា សរុបប្រមាណជា ១ ៧០០ នាក់ ដើម្បីមានសិទ្ធិ ក្នុងការប្រើប្រាស់ សេវានៅតាមមូលដ្ឋាន សុខាភិបាល សាធារណៈ និងឯកជនទាំងអស់ ដែលបានចុះកិច្ចព្រមព្រៀង ជាមួយបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.)។
គួររំលឹកថា បច្ចុប្បន្ន ប.ស.ស. បាននឹងកំពុងអនុវត្ត របបសន្តិសុខសង្គម លើផ្នែកចំនួន២ គឺផ្នែកហានិភ័យការងារ និងផ្នែកថែទាំសុខភាព ដែលមានសមាជិក សរុបប្រមាណជាង ២លាននាក់ រួចមកហើយ៕