ព័ត៌មានជាតិ

ព្រះចៅអធិការវត្តប្រាសាទ ប្រគល់ទេយ្យទាន និងបច្ច័យ ដល់សាខាកាកបាទក្រហមរាជធានី សម្រាប់ជួយពលរដ្ឋរងគ្រោះ

ភ្នំពេញ៖ ព្រះចៅអធិការវត្តប្រាសាទ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះ បានប្រគល់ទេយ្យទាន និងបច្ច័យមួយចំនួន រួមមានទាំងអង្ករ គ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ផ្ទះបាយ ជូនសាខាកាកបាទក្រហម រាជធានីភ្នំពេញ ដើម្បីបន្តយកទៅចែកចាយ ទៅប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះ នៅក្នុងរាជធានីភ្នំពេញ។

ថ្លែងក្នុងពិធី ប្រគល់និងទទួលទេយ្យទាន និងបច្ច័យ ដែលប្រព្រឹត្តិទៅ នៅក្នុងទីអារាមវត្តប្រាសាទ ស្ថិតនៅក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ បានលើកឡើងថា ការប្រគល់នូវទេយ្យទាន និងថវិការបស់ព្រះធម្មធម៌សោម ស៊ីម ព្រះចៅអធិការវត្តប្រាសាទ និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ មកសាខាកាកបាទក្រហម រាជធានីភ្នំពេញនាឱកាសនេះ គឺពិតជាបានបង្ហាញឲ្យឃើញ ពីភាពសិ្នទ្ធស្នាល រវាងពុទ្ធចក្រ និងអាណាចក្រ ។

លោកអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា “ពុទ្ធចក្រនិងអាណាចក្រ ដើរទទឹមគ្នា មានន័យថា បើអាណាចក្រ មានការរីកចម្រើន ពុទ្ធចក្រក៏មានការរីកចម្រើនដូចគ្នា ហើយអាណាចក្រជួបបញ្ហា ពុទ្ធចក្រក៏ជួបបញ្ហាដែរ ជាក់ស្ដែងនៅក្នុងសម័យប៉ុលពត អាណាចក្រ បានធ្លាក់ដល់ចំណុចសូន្យ ក្នុងនោះពុទ្ធចក្រ ក៏បានធ្លាក់ដល់ចំណុចសូន្យ ដូចគ្នាដែរ” ។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឃួង ស្រេង ក៏បានលើកឡើង ពីបញ្ហាជំងឺរាតត្បាត នៅលើពិភពលោក និងមានសភាពសាហាវ តែងតែកើតមានឡើង ១០ឬ២០ឆ្នាំម្ដង ។ ដូចពេលនេះ ពិភពលោក ក៏ដូចជានៅព្រះរាជាណាចក្រកម្ពុជា គឺបាននឹងកំពុងប្រឈម ទៅនឹងជំងឺកូវីដ-១៩ ។ ប៉ុន្តែក្រោមការដឹកនាំ គ្រប់គ្រងរបស់សម្ដេចតេជោ ហ៊ុនសែន កម្ពុជា ការពារនិងទប់ស្កាត់ បានល្អប្រសើរ ដោយមកដល់ពេលនេះ មិនមាននរណាម្នាក់ ស្លាប់ដោយជម្ងឺនេះឡើយ ។

ក្នុងនោះដែរ ព្រះធម្មធម៌ សោម ស៊ីម ព្រះចៅអធិការវត្តប្រាសាទ និងជាព្រះអនុគុណខណ្ឌព្រែកព្នៅ បានមានសង្ឃដីការ លើកឡើងថា ការផ្ដល់នូវទេយ្យទាន និងថវិកានេះ គឺដើម្បីឲ្យសាខាកាកបាទក្រហម រាជធានីភ្នំពេញ បន្តយកទៅចែកជូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងប្រជាពលរដ្ឋដែលងាយរងគ្រោះ ដោយមិនប្រកាន់និន្នាការ នយោបាយអ្វីឡើយ។

ព្រះធម្មធម៌សោម ស៊ីម មានសង្ឃដីកាបន្តទៀតថា ក្រោមការដឹកនាំ របស់សម្ដេចតេជោ ហ៊ុន សែន គឺបានធ្វើអោយប្រទេសកម្ពុជា មានសុខសន្តិភាព មានហេដ្ឋារចនាសម្ព័ន្ធ មានការអភិវឌ្ឍគ្រប់ទីកន្លែង ប្រជាពលរដ្ឋអាចធ្វើដំណើរ បានទាំងយប់ទាំងថ្ងៃ ទៅតាមបណ្ដាខេត្តនានា ដោយមិនមានការព្រួយបារម្ភ ពីបញ្ហាសន្តិសុខឡើយ ។

គួរបញ្ជាក់ផងដែរថា ទេយ្យទានដែលព្រះចៅ អធិការវត្តប្រាសាទ ប្រគល់ជូនសាខាកាកបាទក្រហម រាជធានីភ្នំពេញ ខាងលើនេះ រួមមានអង្គ ៥តោន ទឹកបរិសុទ្ធ ទឹកក្រូច ទឹកត្រី ទឹកស៊ីអ៊ីវ ទឹកដោះគោ ត្រីខ មីប្រេងឆា ស្ករស អំបិល សម្ភារៈប្រើប្រាស់ផ្ទះបាយមួយចំនួន និងបច្ច័យចំនួន ៣០០០ដុល្លារអាមេរិក៕

To Top