បរទេស៖ ជំងឺកូវីដ១៩ បានសម្លាប់អ្នកជំងឺម្នាក់ទៀត នៅប្រទេសវៀតណាម នៅថ្ងៃច័ន្ទ ដែលបាននាំឱ្យអ្នកស្លាប់ ដោយសារមេរោគនេះ កើនឡើងដល់ ១៥ នាក់ ដែលអ្នកស្លាប់ទី១៥នេះ ជាបុរសអាយុ ៦៨ ឆ្នាំ មានជំងឺទឹកនោមផ្អែមនិងជំងឺមហារីក តំរងនោម។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកជំងឺទី ៥២២” ជាអ្នកស្រុក ថាំងប៊ិញ ខេត្តក្វាងណាម ជាប់នឹងទីក្រុង ដាណាងដែលជាចំណុចកណ្តាល នៃរលកទី២ ។
ក្រសួងសុខាភិបាលវៀតណាម បានប្រកាសនៅល្ងាចថ្ងៃច័ន្ទថា ជំងឺខាងលើបានស្លាប់ ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ ដែលបណ្តាលមកពីមេរោគកូវីដ១៩, ជំងឺខ្សោយបេះដូងធ្ងន់ធ្ងរ, ស្ទះសរសៃឈាមសួតដែល បណ្តាលមកពីជំងឺមហារីកតំរងនោម ខ្សោយតំរងនោមរ៉ាំរ៉ៃ និងជំងឺទឹកនោមផ្អែមកម្រិតទី ២ ។
នៅថ្ងៃទី៩ ខែកក្កដា គាត់ត្រូវបានគេបញ្ជូន ទៅមន្ទីរពេទ្យដាណាង នៅដាណាងដោយសារជំងឺ តំរងនោមរបស់គាត់ ហើយត្រូវបានរំសាយ នៅថ្ងៃទី ២២ ខែកក្កដា។ ប្រាំបីថ្ងៃក្រោយមកគាត់ត្រូវបាន គេធ្វើរោគវិនិច្ឆ័យថាមាន មេរោគកូវីដ១៩ ។
សូមជម្រាបថា ចាប់តាំងពីការរាតត្បាតលើកដំបូង នៅប្រទេសវៀតណាម មានអ្នកឆ្លងសរុប ៨៤៧ករណី ក្នុងចំណោមនោះ អ្នកជំងឺ ៤៣៣នាក់ កំពុងសម្រាកព្យាបាល៕
ប្រែសម្រួលៈ ណៃ តុលា