ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល សម្លាប់មេបញ្ជាការ ពួកជីហាដ ឥស្លាមនៅតំបន់ហ្គាហ្សា

បរទេស៖ អ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានសម្លាប់មេបញ្ជាការ ជាន់ខ្ពស់មួយរូប មកពីក្រុមសកម្មប្រយុទ្ធ ប៉ាឡេស្ទីន គាំទ្រដោយអ៊ីរ៉ង់ ឈ្មោះក្រុមជីហាដឥស្លាម នៅក្នុងប្រតិបត្តិការ វាយប្រហារដ៏កម្រមួយ នៅតំបន់ហ្គាហ្សាស្ទ្រីប នាថ្ងៃអង្គារនេះ ហើយពួកសកម្មប្រយុទ្ធ បានធ្វើការឆ្លើយតបវិញ ដោយការបាញ់គ្រាប់រ៉ុកកែត ទៅលើទីក្រុង អ៊ីស្រាអែល នានា រួមទាំងរដ្ឋធានីតេល អាវីវផងដែរ។

មេដឹកនាំក្រុមជីហាដ ឥស្លាម លោក Khaled Al-Batsh បាននិយាយនៅក្នុង ពិធីបុណ្យសព របស់លោកមេបញ្ជាការ ក្រុមជីហាដឥស្លាម Baha Abu Al-Atta នៅតំបន់ហ្គាហ្សា យ៉ាងដូច្នេះថា “អ៊ីស្រាអែលបានធ្វើការវាយប្រហារ ដំណាល់គ្នាចំនួនពីរ ក្នុងប្រទេសស៊ីរី និងតំបន់ហ្គាហ្សា នៅក្នុងដំណើរប្រកាសសង្គ្រាមមួយ”។

គួរបញ្ជាក់ថា នៅក្នុងកំណើនភាពតានតឹង ធ្ងន់ធ្ងរបំផុត ក្នុងពេលជាច្រើនខែនេះ ការវាយប្រហារមីស៊ីល អ៊ីស្រាអែល ក៏បានផ្តោតគោលដៅ លើផ្ទះរបស់មន្ត្រី ជីហាដឥស្លាមមួយរូប នៅក្នុងទីក្រុងដាម៉ាស ដោយសម្លាប់មនុស្សពីរនាក់ ដែលក្នុងនោះមានម្នាក់ គឺជាកូនប្រុសរបស់ មន្ត្រីជីហានឥស្លាមរូបនោះ៕

ប្រែសម្រួល៖ប៉ាង កុង

To Top