បរទេស៖ ប្រធានអគ្គសេនាធិការចម្រុះ សហរដ្ឋអាមេរិក លោកឧត្តមសេនីយ៍ Mark Milley តាមសេចក្តីរាយការណ៍ បានមានប្រសាសន៍ប្រាប់ថា កងទ័ពសហរដ្ឋអាមេរិក មានចំនួនជាង៥០០នាក់ នឹងនៅតែមានវត្តមាន ប្រចាំក្នុងប្រទេសស៊ីរី បើទោះជាអាមេរិកមានផែនការ ដកកងទ័ពខ្លួនក៏ដោយ។
នៅក្នុងបទសម្ភាសន៍ ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ដំបូងមួយ ចាប់តាំងពីលោកឡើងកាន់តំណែកនេះ នៅក្នុងខែកញ្ញាមក លោកបាននិយាយប្រាប់កម្មវិធី This Week របស់ទីភ្នាក់ងារសារព័ត៌មាន ABC News ថា វត្តមានយោធាសហរដ្ឋអាមេរិក នៅក្នុងប្រទេសស៊ីរី នឹងត្រូវបានកាត់បន្ថយ ប៉ុន្តែគោលដៅយោធាផ្តួលរំលំ ក្រុមរដ្ឋឥស្លាមជ្រុលនិយម នៅតែរក្សាដដែល។
នៅពេលត្រូវគេសួរ អំពីការពង្រឹងកងទ័ព លោក Mark Milley បានឆ្លើយតបថា “សម្រាប់ជាការពិត នឹងនៅមានកងទ័ព តិចជាង១.០០០នាក់ ហើយប្រហែលជា៥០០នាក់ ឬក៏ប្រហែល៦០០នាក់ ប៉ុន្តែវាគឺមានទំហំនោះ។ តែយើងនឹងមិនបញ្ជាក់ ពីចំនួនជាក់លាក់ទេ ព្រោះនាពេលបច្ចុប្បន្ននេះ យើងនៅត្រូវឆ្លងកាត់ការវិភាគនៅឡើយ”៕ ប្រែសម្រួល៖ប៉ាង កុង