បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃ នៃប្រទេសតួកគី លោក Suleyman Soylu បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសអាល្លឺម៉ង់និងប្រទេសហូឡង់ បានយល់ព្រមយកត្រឡប់វិញ នូវអ្នកទោស រដ្ឋឥស្លាមជ្រុលនិយម ដែលជាជនជាតិ អាល្លឺម៉ង់និងហូឡង់ ព្រមទាំងក្រុមគ្រួសារ របស់ពួកគេ ពីប្រទេសតួកគី បន្ទាប់ពីទីក្រុងអង់ការ៉ា បានចាប់ផ្តើម ធ្វើមាតុភូមិនិវត្ត សមាជិកក្រុមរដ្ឋឥស្លាម ជ្រុលនិយម នៅក្នុងសប្ដាហ៍នេះ។
យោងតាម សេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឲ្យដឹងថា នៅពេលថ្មីៗនេះ ប្រទេសតួកគី បាននិយាយប្រាប់ថា ខ្លួននឹងបញ្ជូនអ្នកទោស ក្រុមរដ្ឋឥស្លាមជ្រុលនិយម ទៅកាន់ប្រទេសអៀរឡង់ អាល្លឺម៉ង់ បារាំង និងប្រទេសហូឡង់។
គួរបញ្ជាក់ថា ប្រទេសតួកគីឃុំខ្លួនជនសង្ស័យ ក្រុមរដ្ឋឥស្លាមជ្រុលនិយម រាប់រយនាក់ នៅក្នុងពន្ធនាគាររបស់ខ្លួន និងនិយាយថា ទើបបានចាប់ខ្លួនចំនួន ២៨៧នាក់ផ្សេងទៀត នៅក្នុងអំឡុង ប្រតិបត្តិការវាយលុកយោធា ប្រឆាំងកងកម្លាំង YPG ក្នុងប្រទេសស៊ីរីភាគឦសាន ៕
ប្រែសម្រួល៖ប៉ាង កុង