ព័ត៌មានអន្តរជាតិ

ករណីភ្លើងឆេះព្រៃ នៅអូស្ត្រាលី បណ្តាលឲ្យ ស្លាប់៤នាក់ ខណៈផ្ទៃដីព្រៃ និងផ្ទះជាច្រើនខ្នង រងការបំផ្លាញ

ស៊ីដនី ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា នៅថ្ងៃព្រហស្បតិ៍នេះ ប៉ូលិសបាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះព្រៃ នៅភាគខាងកើត នៃប្រទេសអូស្ត្រាលី បានកើនឡើងដល់៤នាក់ បន្ទាប់ពីសាកសពបុរសម្នាក់ ត្រូវបានគេរកឃើញនៅតំបន់ព្រៃភ្នំ ។

អ្នកស្រុកបានរកឃើញ សាកសពនៅខាងក្រៅក្រុង Kempsey នៃរដ្ឋ New South Wales ដែលជាតំបន់មួយ ក្នុងចំណោមតំបន់ជាច្រើន ដែលរងការវាយប្រហារ ដោយភ្លើងឆេះព្រៃ នៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ។

ប៉ូលិសបាននិយាយថា អត្តសញ្ញាណជាផ្លូវការ មិនទាន់ត្រូវបានធ្វើឡើងនៅឡើយទេ ប៉ុន្តែវាត្រូវបានគេជឿថា ជាសាកសពរបស់បុរសអាយុ៥៨ឆ្នាំម្នាក់ ដែលរស់នៅក្នុងតំបន់នោះ ។

មនុស្ស៣នាក់ទៀត បានស្លាប់នៅក្នុងភ្លើងឆេះព្រៃនៅរដ្ឋ New South Wales ដែលជារដ្ឋមួយបានរង ផលប៉ះពាល់ខ្លាំងបំផុត ដោយអគ្គិភ័យដែលបានឆាបឆេះ នៅតាមបណ្តោយឆ្នេរសមុទ្រ ភាគខាងកើតកាលពីចុងសប្តាហ៍មុន ។

ផ្ទះរាប់រយខ្នងត្រូវបានខូចខាត ឬបំផ្លាញ និងដីជាងមួយលានហិកតា ស្មើនឹង២,៥លានអារ ត្រូវបានដុតបំផ្លាញ ។

ស្ថានភាពតានតឹងត្រូវបានគេរំពឹងថា នឹងឆាបឆេះម្តងទៀតនៅរដ្ឋ Queensland និងរដ្ឋ New South Wales នៅចុងសប្តាហ៍នេះ នៅពេលសីតុណ្ហភាពឡើង និងខ្យល់បក់ខ្លាំង៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top