ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង តែងតាំងឧត្តមសេនីយ៍ មួយរូបឲ្យគ្រប់គ្រង ការអភិវឌ្ឍមីស៊ីល

បរទេស៖ប្រទេសកូរ៉េខាងជើង នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានតែងតាំងនាយឧត្តមសេនីយ៍មួយរូប ឲ្យដឹកនាំកងកម្លាំងយុទ្ធសាស្ត្ររដ្ឋាភិបាល ដែលជាអង្គភាពយោធាមួយ ទទួលបន្ទុកក្នុងកិច្ចការអភិវឌ្ឍន៍និងដាក់ពង្រាយមីស៊ីល។

កាសែតកូរ៉េខាងត្បូង News 1 និង JoongAng Daily បានរាយការណ៍ថា លោក គីម ជុងហ្គីល ដែលជាឧត្តមសេនីយ៍យោធាផ្កាយ៣មួយរូប ត្រូវបានគេនិយាយដល់ នៅលើទូរទស្សន៍កណ្ដាលកូរ៉េរបស់ទីក្រុងព្យុងយ៉ាង នៅថ្ងៃពុធម្សិលមិញនេះ ហើយទូរទស្សន៍ KCTV នោះ បាននិយាយថា មន្ត្រីរូបនោះ គឺជាមេបញ្ជាការរបស់កងកម្លាំងយុទ្ធសាស្ត្រកងទ័ពរបស់កូរ៉េ។

គួរបញ្ជាក់ថា លោក គីម ជុងហ្គីល អាចត្រូវបានគេដំឡើងតំណែងនោះ នៅក្នុងខែឧសភា ក្នុងអំឡុងកិច្ចប្រជុំគណៈកម្មាធិការយោធាកណ្ដាល​ របស់បក្សពលករកូរ៉េ គឺក្រោយកិច្ចប្រជុំក្នុងខែឧសភានោះ ឈ្មោះរបស់លោក ត្រូវបានគេនិយាយជាសាធារណៈ សម្រាប់ជាលើកដំបូង នៅក្នុងទំព័រកាសែត Rodong Sinmun៕

ប្រែសម្រួល៖ប៉ាងកុង

To Top