ព័ត៌មានជាតិ

ទូតចិន ប្រចាំកម្ពុជា៖ សម្ដេចព្រះមហាក្សត្រីទទួលគ្រឿងឥស្សរិយយសពីចិន គឺបង្កប់នូវមនោសញ្ចេតនា ដ៏សែនជ្រាលជ្រៅបំផុត របស់ប្រជាជនចិន

ភ្នំពេញ៖ លោក Wang Wentian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បានថ្លែងថា សម្ដេចព្រះមហាក្សត្រី ទទួលគ្រឿងឥស្សរិយយសពីចិន នាពេលកន្លងទៅនេះ គឺបង្កប់នូវមនោសញ្ចេតនា ដ៏សែនជ្រាលជ្រៅ បំផុតរបស់ប្រជាជនចិន ថ្វាយចំពោះព្រះអង្គ និងជូនចំពោះប្រជាជនកម្ពុជា នឹងត្រូវបានកត់ត្រាក្នុង សៀវភៅប្រវត្តិសាស្ត្រមិត្តភាពចិន និងកម្ពុជា ជារៀងរហូត។នេះបើ យោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតចិន ប្រចាំកម្ពុជា។

លោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា និងលោកស្រី កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០ ២០ បានអញ្ជើញចូលក្រាបថ្វាយបង្គំគាល់ និងថ្វាយព្រះពរសម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ក្នុងព្រះបរមរាជវាំង ស្ថិតក្នុង ឱកាសដែលព្រះអង្គទ្រង់ទទួលបាននូវគ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋ ប្រជាមានិតចិ ន។

លោក Wang Wentian មានប្រសាសន៍ថា លោកសូមតំណាងឲ្យមន្រ្តីគ្រប់រូបនៃស្ថានទូតចិន ប្រចាំកម្ពុជា ថ្វាយព្រះពរដល់សម្ដេចព្រះមហាក្សត្រី ក្នុងឱកាសដែលព្រះអង្គទ្រង់ទទួលបាន គ្រឿងឥស្សរិយយស មិត្តភាព នៃសាធារណរដ្ឋប្រជាមានិតចិន។ អស់រយៈពេលជាងកន្លះ សតវត្សរ៍មកហើយ ដែលព្រះអង្គតែងស្តេចយាងជាមួយព្រះរាជដំណើរព្រះករុណា ព្រះបាទសម្ដេចព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” ដែលព្រះអង្គទាំងទ្វេស្តេចយាងរួមចំណែក ក្នុងព្រះរាជកិច្ចជាប្រវត្តិសាស្រ្ត ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពប្រពៃណីរវាង ចិន និងកម្ពុជា ព្រះអង្គទាំងទ្វេតែងទទួលបានការគោរព និងស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ពីប្រជាជនចិនគ្រប់រូប គ្រឿងឥស្សរិយយសដែល ព្រះអង្គទទួលបានពិតជាសាកសមជាមួយព្រះកិត្តិនាម ដ៏ថ្លៃថ្លារបស់ព្រះអង្គ។

លោកបន្ដថា គ្រឿងឥស្សរិយយសនេះ បានបង្កប់នូវមនោសញ្ចេតនាដ៏សែនជ្រាលជ្រៅបំផុតរបស់ ប្រជាជនចិនថ្វាយចំពោះព្រះអង្គនិងជូនចំពោះប្រជាជនកម្ពុជា នឹងត្រូវបានកត់ត្រាក្នុងសៀវភៅ ប្រវត្តិសាស្ត្រមិត្តភាពចិន និងកម្ពុជាជារៀងរហូត។

សម្ដេចព្រះមហាក្សត្រី បានថ្លែងអំណរគុណដល់ ឯកអគ្គរដ្ឋទូតចិន ដែលបានចូលក្រាបថ្វាយបង្គំគាល់ និងពាក្យពេចន៍ជូនពរ ព្រះអង្គមានព្រះបន្ទូលថា មិត្តភាពកម្ពុជា និងចិន ត្រូវបានកសាងស្ថាបនា និងបីបាច់ថែរក្សាដោយផ្ទាល់ និងយកចិត្តទុកដាក់បំផុតដោយសម្តេចព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំចិនជំនាន់មុន ព្រះអង្គមានក្តីសោមនស្សរីករាយជាពន់ពេក ដែលបានចូលរួមជាសក្ខីភាព និងរួមចំណែកដោយផ្ទាល់។

សម្ដេចព្រះមហាក្សត្រី មានព្រះរាជបន្ទូលទៀតថា ប្រធានាធិបតីចិន លោក Xi Jinping បានបំពាក់គ្រឿងឥស្សរិយយស មិត្តភាពដោយផ្ទាល់ថ្វាយដល់ព្រះអង្គ ពិតជាមានក្តីរំភើប ក្នុងព្រះហឫទ័យជាពន់ពេក និងថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅផងដែរ។ ព្រះអង្គមានព្រះបន្ទូលបន្តទៀតថា ព្រះកិត្តិយសដ៏ឧត្តុង្គឧត្តមនេះ មិនត្រឹមតែជារបស់ព្រះអង្គប៉ុណ្ណោះទេ ក៏ជាកិត្តិយសរបស់ប្រជាជនកម្ពុជា គ្រប់រូបផងដែរ៕

To Top