ព័ត៌មានជាតិ

លោក ហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ

ភ្នំពេញ៖​ លោកហ៊ុន ម៉ាណែត តំណាងសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ នៅខេត្តកំពង់ធំ, ថ្ងៃទី១៣ វិច្ឆិកា ២០២០។

លោក​ សូមនាំមកនូវការផ្តាំផ្ញើ ការសាកសួរសុខទុក្ខរបស់ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋរងគ្រោះ ហើយការជួបជុំថ្ងៃនេះ គឺមានការចូលរួមរបស់ថ្នាក់ដឹកនាំក្រសួង-ស្ថាប័នពាក់ព័ន្ធ ថ្នាក់ដឹកនាំខេត្តផ្សេងៗ ថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ រួមជាមួយនឹង ការផ្តល់កិត្តិយសចូលរួមរបស់ លោករដ្ឋទូតអូស្ត្រាលី ប្រចាំនៅកម្ពុជា ដែលបង្ហាញអំពីស្មារតីរួបរួមសាមគ្គីនៃការជួយយកអាសារគ្នាក្នុងពេលចាំបាច់ ពេលដែលប្រជាពលរដ្ឋកំពុងត្រូវការ។ ក្នុងថ្ងៃនេះ យើងរួមគ្នាប្រគល់ស្រូវពូជដល់ដៃប្រជាពលរដ្ឋរងគ្រោះ ដើម្បីការស្តារឡើងវិញ ដែលជាការជួយពិតជាក់ស្តែង ជាការឈឺឆ្អាលពិតប្រាកដ និងដោយសុទ្ធចិត្ត។

លោកបន្ថែមថា​ ពិតណាស់ ជាគ្រោះអកុសលដែលមិនអាចគ្រប់គ្រងបាន ដោយទឹកជំនន់ក្នុងឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋកម្ពុជាជាង ១៥ ម៉ឺនគ្រួសារ ហើយប្រទេសនៅក្នុងតំបន់អាស៊ាន ០៧ ផ្សេងទៀតក៏ទទួលរងគ្រោះដូចគ្នា។ ប្រឈមនឹងហានិភ័យនៃការបាត់បង់អាយុជីវិត ប្រជាពលរដ្ឋច្រើន ក្នុងដំណាក់កាលអាសន្ន ដែលមានទឹកហូរបាក់ខ្លាំង អាជ្ញាធរដែនដី, កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ, កម្លាំងសុខាភិបាល, កម្លាំងប្រជាពលរដ្ឋ និងយុវជនស្ម័គ្រចិត្ត បានសហការយ៉ាងល្អ នៅក្នុងប្រតិបត្តិការជួយសង្គ្រោះបានលឿន និងមានប្រសិទ្ធិភាពទាន់ពេលវេលា ដោយបានជួយសង្គ្រោះអាយុជីវិត ប្រជាពលរដ្ឋជាច្រើន ដែលជាអាទិភាពខ្ពស់បំផុត។ ហើយមកដល់ពេលនេះ យើងនៅបន្តអនុវត្តការងារបន្ទាន់ចុះចែកស្រូវពូជនៅគ្រប់ទីកន្លែងរងគ្រោះនៅទូទាំងប្រទេស តាមការប្រគល់ភារកិច្ចរបស់ សម្តេចតេជោ ដែលយកចិត្តទុកដាក់ខ្លាំងបំផុតលើលទ្ធភាពស្តារផលដំណាំឡើងវិញ របស់ប្រជាពលរដ្ឋនៅក្រោយទឹកជំនន់ ខណៈដែលសម្តេច មិនអាចមកចូលរួមដោយផ្ទាល់ បានតាមផែនការ ដោយសារការធ្វើចត្តាឡីស័ក ក្រោយព្រឹត្តិការណ៍ ៣វិច្ឆិកា។

លោកឡេីងថា​ គោលការណ៍របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី គឺត្រូវខិតខំយ៉ាងណាកុំឱ្យមាន ប្រជាជនស្លាប់ដោយសារការអត់បាយ។ ដូច្នេះ នៅទីណាមានការលំបាក មន្ត្រីរាជរដ្ឋាភិបាល ក្រុមការងារ និងអាជ្ញាធរដែនដីទាំងអស់ ត្រូវចុះជួយឱ្យលឿន និងឱ្យទាន់ពេលវេលាដោះស្រាយបញ្ហាចំពោះមុខឱ្យខានតែបាន ទាំងអាយុជីវិត, សុខភាព, ការហូបចុក និងការស្តារផលដំណាំ។ កិច្ចការនេះ សម្រេចទៅបានដោយផ្អែកលើយន្តការជាច្រើន ទាំងយន្តការរាជរដ្ឋាភិបាល, រូបសម្តេចតេជោផ្ទាល់, កាកបាទក្រហម ក៏ដូចជាសប្បុរសជនទាំងក្នុង និងក្រៅប្រទេស។ ហើយកន្លងមកប្រទេសជាមិត្តជាច្រើន ក៏មានសមានចិត្តចូលរួមក្នុងការជួយសង្គ្រោះ នេះតាមរយៈគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយផងដែរ។ អ្វីដែលខ្លាំងសម្រាប់ជាតិខ្មែរយើង គឺនៅពេលដែលលំបាកបំផុត ទោះរស់នៅទីណា នៅតែជាបេះដូងខ្មែរ ដែលរួមសាមគ្គីជួយគ្នា ដោយគ្មានការរើសអើងបែងចែកអ្វីទាំងអស់ ជាពិសេសនៅក្រោមម្លប់ នៃសន្តិភាពដូចសព្វថ្ងៃនេះ។ សមិទ្ធផលសន្តិភាពបានបង្កលក្ខណៈ និងផ្តល់លទ្ធភាពឱ្យយើងមានឱកាសបានរួមសាមគ្គីជួយគ្នា ដោយអាចធ្វើដំណើរជិតឆ្ងាយទៅគ្រប់ទីកន្លែងដោយសុវត្ថិភាព ដើម្បីកិច្ចការមនុស្សធម៌របស់យើង រួមទាំងតំបន់អតីតសមរភូមិ។ នេះ គឺជាសារៈសំខាន់នៃការថែរក្សាសុខសន្តិភាព ហើយទោះតិចឬច្រើន លឿនឬយឺតប៉ុន្តែទីណាមានការលំបាក យើងបានរួមបំពេញកិច្ចការ ដ៏មានតម្លៃរបស់យើង ហើយយើងនឹងបន្តធ្វើវាត ទៅមុខដោយឥតរួញរា។

លោក​ ម៉ាណែត​ សូមអរគុណប្រជាពលរដ្ឋខេត្តកំពង់ធំ ចំពោះការទុកចិត្ត និងជឿជាក់លើការដឹកនាំរបស់សម្តេចតជោ និងរាជរដ្ឋាភិបាលក្នុងកាលកន្លងទៅ និងសូមអរគុណចំពោះការផ្តល់តម្លៃដល់អ្នកដែលបានខិតខំ ធ្វើការងារពិតជាក់ស្តែង។ បំណងប្រាថ្នារបស់សម្តេច គឺចង់បានណាស់ ធ្វើយ៉ាងណាឱ្យជីវភាពរស់នៅរបស់ប្រជាជនបានល្អប្រសើរ។ គោលការណ៍របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្តេច គឺផ្សារភ្ជាប់ជានិច្ចរវាងទិន្នន័យ នៃការរីកចម្រើនទៅនឹងការរីកចម្រើនជាក់ស្តែង នៃជីវភាពប្រជាពលរដ្ឋ ព្រោះប្រទេសជាតិមួយរឹងមាំ បានដោយសារប្រជាពលរដ្ឋ។ “ការអភិវឌ្ឍសេដ្ឋកិច្ច” អាចមានរូបមន្ត និងនិយមន័យច្រើន ប៉ុន្តែជាក់ស្តែង “ការធ្វើឱ្យប្រជាជនមានបាន” គឺជាពាក្យសាមញ្ញបំផុត និងជាគោលដៅសំខាន់បំផុតនៃការអភិវឌ្ឍប្រទេស តាមទស្សនវិស័យរបស់សម្តេចតេជោ។ ដូច្នេះ សូមបន្តការជឿទុកចិត្ត និងផ្តល់ឱកាសឱ្យសម្តេចបន្តការដឹកនាំប្រទេសតទៅមុខទៀត។

លោក​ក៏សូមអរគុណប្រជាពលរដ្ឋ ក្នុងការចូលរួមថែរក្សាសន្តិភាព ដែលស្វែងរកបានដោយលំបាកបំផុត។ ថ្ងៃនេះយើងបានរួមគ្នា ដោយគ្មានការបែងចែក ដើម្បីបំពេញកិច្ចការក្នុងបុព្វហេតុប្រជាជន នៅក្រោមដំបូលនៃសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោជាប្រមុខ។ ការរួបរួមគ្នានេះហើយ ដែលជាកត្តាថែរក្សានិរន្តរភាពនៃ សន្តិភាពឱ្យបានយូរអង្វែង។ យើងអាចមានទស្សនៈខុសគ្នា ប៉ុន្តែក្នុងវេលាអាសន្ននេះ យើងត្រូវទុកការខុសគ្នាមួយឡែក ដោយត្រូវរួមគ្នាតំកល់ ផលប្រយោជន៍ប្រជាពលរដ្ឋជាធំ។ នេះទើបហៅថា ជាខ្មែរដែលស្រឡាញ់ជាតិ។ សម្តេចបានបញ្ចប់សង្គ្រាមដោយនយោបាយឈ្នះ-ឈ្នះ ហើយក៏ចង់ឃើញណាស់ ដែលខ្មែររួមគ្នាថែរក្សា សមិទ្ធផលសន្តិភាពនេះ រហូតរាប់រយឆ្នាំទៅមុខ កុំឱ្យបាត់បង់ដូចក្នុងប្រវត្តិសាស្ត្រ ដ៏ជូរចត់របស់យើងទៀត។

To Top