ភ្នំពេញ ៖ កីឡាករ-កីឡាការិនីកម្ពុជា បានឡើងវគ្គ៨ក្រុម ចុងក្រោយហើយលើវិញ្ញាសា វាយយកពិន្ទុ នៃព្រឹត្តការណ៍ នៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើង ឯកពិភពលោកយុវជន និងនារី លើកទី១៧ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅពហុកីឡដ្ឋានជាតិ អូឡាំពិក ដែលមាន ៤៩ប្រទេសចូលរួម ។
លោក សូម៉ៃ សុខគា ប្រធានប្រតិភូកម្ពុជា បានមានប្រសាសន៍ថា កីឡាការិនី កែ ឡេង និងកីឡាករ ឃួន លីហ៊ បានឡើងវគ្គ៨ក្រុមចុងក្រោយ លើវិញ្ញាសាវាយយកពិន្ទុ ។ សម្រាប់វិញ្ញាសា វាយយកពិន្ទុនារី កីឡាការិនី កែ ឡេង (កម្ពុជា) ន័រវែល ឡាវ មីយ៉ាន់ម៉ា បែលហ្ស៊ិក ថៃ ចិន និងកាណាដា ។ ចំណែកកីឡាករ ឃួន លីហ៊ វិញរួមមានម៉ាដាហ្គាស្កា ម៉ូណាកូ អ៊ីតាលី ស្វីល ថៃ បារាំង កម្ពុជា និងអាល្លឺម៉ង ។
លោកបានបន្តថា ចំពោះការប្រកួតវិញ្ញាសា៣ទល់៣នាក់នារី ៖ ក្រុមទី១ មានកីឡាការិនីកែ ឡេង ជាម្ចាស់មេដាយមាស ជើងឯកពិភពលោក ៣សម័យកាល កីឡាការិនីអ៊ុក ស្រីមុំ កីឡាការិនីអ៊ុន ស្រីយ៉ា និង កីឡាការិនីកែវ សុវណ្ណា បានយកឈ្នះ ក្រុមកីឡាការិនីមកពី Latvia លទ្ធផល១៣ទល់៣ ។ ដោយវិញ្ញាសា៣ទល់៣នាក់យុវជន ៖ ក្រុមទី១មានកីឡាករ ឃួន លីហ៊ កីឡាករ កុយ សុភក្ត្រា កីឡាករ ភាព រ៉ាឃីម និង កីឡាករគង់ កែវសុខាន់ ក៏បានយកឈ្នះក្រុមកីឡាករមកពី Latvia លទ្ធផល១៣ទល់០ ។
ចំពោះក្រុមទី២មានកីឡាករ ទីវ រដ្ឋាកីឡាករ ពុត យ៉ុនច័ន្ទដារ៉ា កីឡាករវ៉ាន ភារុណ និកីឡាករហេង ស៊ីណា បានយកឈ្នះក្រុមកីឡាករ មកពីចក្រភពអង់គ្លេស លទ្ធផល១៣ទល់០៩ ។ ចំណែកកីឡាការិនី ក្រុមទី២ កីឡាការិនីស្រ៊ាង សុរ៉ាឃីម កីឡាការិនីវង ចន្ថា កីឡាការិនីឃួន យ៉ារី និង កីឡាការិនី ដួងឌីណា កំពុងតែប្រកួត ៕
ដោយ៖លី ភីលីព