អត្ថបទ

ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ផ្តល់គ្រឿង ឧបភោគបរិភោគ​ ជូនពលរដ្ឋ រងផលប៉ះពាល់ ដោយសារជំងឺកូវីដ-១៩

ភ្នំពេញ-ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១៖ ក្រុមការងារអាន់ឆ័រ ដែលជាម៉ាកយីហោរដ៏ល្បីមួយ របស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានផ្ដល់គ្រឿងឧបភោគបរិភោគ ជូនដល់ប្រជាពលរដ្ឋ រាប់ពាន់គ្រួសារ ដែលរងផលប៉ះពាល់ ពីការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលរស់នៅក្បែររោងចក្រ ផលិតស្រាបៀរ របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។

អំណោយជាគ្រឿងឧបភោគបរិភោគនេះ ត្រូវបានប្រគល់ជូនដោយ លោក ចេង មុនីរ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌច្បារអំពៅ ដែលរៀបចំឡើង នៅក្នុងសង្កាត់ព្រែកឯង នៅថ្ងៃនេះ និងសម្រាប់រយៈបួនថ្ងៃបន្តបន្ទាប់ អំណោយនេះរួមមាន គ្រឿងឧបភោគបរិភោគ និងផលិតផល សម្លាប់មេរោគផងដែរ។

លោក ហ្វាមី រ៉ាជែនដ្រា (Fahmi Rajendra) ប្រធានគ្រប់គ្រងផ្នែកទីផ្សារ របស់ស្រាបៀរ អាន់ឆ័រ បានថ្លែងថា “ក្រុមហ៊ុនយើងជឿជាក់ថា យើងរីកចម្រើនទៅបាន លុះត្រាតែប្រជាពលរដ្ឋ និងសហគមន៍ ដែលនៅក្បែរយើងរីកចម្រើន។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ផ្សារភ្ជាប់ខ្លួនយ៉ាងស្អិតរមួត ទៅនឹងសហគមន៍ ក្នុងមូលដ្ឋានរបស់យើង។ ហេតុនេះហើយទើបបានជា ក្រុមហ៊ុនយើងសម្រេចចិត្ត ផ្ដោតការផ្ដល់ជំនួយនេះ ទៅលើតំបន់ ដែលនៅក្បែររោងចក្រ ផលិតស្រាបៀររបស់យើង”។

សមាជិកក្រុមការងាររបស់ អាន់ឆ័រ បានប្រគល់កញ្ចប់ជំនួយ ដែលមានអង្ករ មី ប្រេងឆា ត្រីខកំប៉ុង សាប៊ូ និងម៉ាស់ នៅឯពិធីមួយដែលធ្វើឡើង នៅជាប់នឹងរោងចក្រ ផលិតស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា)។ ពិធីប្រគល់អំណោយនេះ គឺជាចំណុចចាប់ផ្តើម សកម្មភាពផ្តល់អំណោយ រយៈពេល ៤ថ្ងៃ ដែលក្នុងអំឡុងពេលនេះ កញ្ចប់អំណោយចំនួន ១.៨០០កញ្ចប់ ត្រូវបានរំពឹងថា នឹងប្រគល់ជូន ប្រជាពលរដ្ឋដែលស្ថិតក្នុង តម្រូវការចាំបាច់។
បងប្អូនដែលមានវត្តមាន នៅឯពិធីប្រគល់អំណោយនេះ បានប្រកាន់យ៉ាងខ្ជាប់ខ្ជួន ទៅនឹងវិធានការ របស់ក្រសួងសុខាភិបាល ដូចជាការរក្សាគម្លាត ការពាក់ម៉ាស ការត្រួតពិនិត្យសីតុណ្ហភាព និងបានបាញ់អាល់កុល សម្លាប់មេរោគជាដើម។

លោក ហ្វាមី រ៉ាជែនដ្រា បានបន្ថែមថា «ក្រុមការងារ អាន់ឆ័រ តែងតែយកចិត្តទុកដាក់ ចំពោះប្រជាជនកម្ពុជា និងសុខុមាលភាព របស់ប្រជាជនកម្ពុជា។ យើងសូមថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅ ដល់លោកអភិបាលខណ្ឌ និងចៅសង្កាត់ ព្រមទាំងមេភូមិ ដែលបានជួយឱ្យកម្មវិធីនៅថ្ងៃនេះ ដំណើរការទៅបានដោយរលូន”។

លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានថ្លែងថា “ចំនួននេះ គឺជាចំនួនមួយ អាច [និយាយបាន] ថាច្រើន ច្រើនសន្ធឹកសន្ធាប់ សម្រាប់សង្កាត់ទាំងមូល គឺបានទទួល រហូតទៅដល់ ១.៨០០គ្រួសារ ឬអាចនិយាយថា ១.៨០០កញ្ចប់។ នេះបញ្ជាក់ឲ្យឃើញ ពីការចែករំលែករបស់ក្រុមហ៊ុន ជាមួយប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋានដែលខ្លួន បាននិងកំពុងតាំងនៅ”។

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបុគ្គលិកជិត ៧០០នាក់ និងផ្ដល់ការងារ ជូនប្រជាជនកម្ពុជា រាប់ម៉ឺននាក់ផ្សេងទៀត ដែលប្រកបការងារជាផ្នែកមួយ នៃបណ្ដាញអាជីវកម្ម របស់ក្រុមហ៊ុន ពោលគឺរាប់ចាប់ពី កសិករដំណាំស្រូវ រហូតដល់អាជីវករ លក់ដូរភេសជ្ជៈ នៅតាមហាងនានា។ វត្តមាននៅកម្ពុជា ក្រោមឈ្មោះ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ឬ Cambodia Brewey Limited ដែលហៅកាត់ថា CBL តាំងពីឆ្នាំ១៩៩៤ មក ក្រុមហ៊ុននេះ បានផ្លាស់ប្ដូរឈ្មោះថ្មី កាលពីពេលថ្មីៗនេះ ពី CBL ទៅជាក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) វិញ។

ផ្ទាំងពាណិជ្ជកម្ម

ក្នុងសេចក្តីប្រកាសមួយ ដែលចេញផ្សាយនាពេលថ្មីៗនេះ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានទទួលស្គាល់ និងផ្តល់ជូនលិខិតថ្លែងអំណរគុណ និងកោតសរសើរថា ជាក្រុមហ៊ុនបង់ពន្ធច្រើនជាងគេ លំដាប់លេខ១ ដោយសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

អ្នកស្រី Anne Ollivier ប្រធានកិច្ចការសាជីវកម្ម របស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានថ្លែងថា “នៅក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) យើងទទួលខុសត្រូវលើកាតព្វកិច្ច របស់យើងចំពោះ ប្រទេសជាតិយ៉ាងម៉ុតមាំ។ ក្នុងនាមជាក្រុមហ៊ុន បង់ពន្ធច្រើនជាងគេ នៅកម្ពុជា និងជាក្រុមហ៊ុនផលិត ស្រាបៀរធំបំផុតមួយ ក្នុងប្រទេស ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានភាពសកម្មខ្លាំង ក្នុងសង្គមកម្ពុជា ដែលហេតុដូច្នេះហើយ បានជាយើងដឹងពីភាពចាំបាច់ ក្នុងការជួយគ្នាក្នុងអំឡុងពេល ដ៏លំបាកនេះ”។

ផលិតផល របស់ក្រុមហ៊ុនហ៊ិននីគែន (ខេមបូឌា) ក្នុងប្រទេសកម្ពុជា រួមមានស្រាបៀរ Heineken®, ស្រាបៀរ ABC ស្រាបៀរ Tiger ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ផលិតចេញពីគ្រឿងផ្សំធម្មជាតិ ស្រាបៀររបស់ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ត្រូវបានផលិតក្នុងស្រុក តាមស្តង់ដារគុណភាពខ្ពស់បំផុត។ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ ចំនួនជាង ២៣០លានដុល្លារ សហរដ្ឋអាមេរិក ទៅក្នុងរោងចក្រ ផលិតស្រាបៀររបស់ខ្លួន នៅកម្ពុជានាអំឡុងពេល ៥ឆ្នាំ កន្លងចុងក្រោយនេះ។

ក្រៅពីគម្រោងផ្តល់អំណោយ ក្នុងអំឡុងរាតត្បាតជំងឺកូវីដ-១៩ ដើម្បីគាំទ្រ ដល់សហគមន៍ មូលដ្ឋាន ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) មានបំណងកាត់បន្ថយ ផលប៉ះពាល់បរិស្ថាន ព្រមទាំងលើកកម្ពស់ ការពិសារប្រកប ដោយការទទទួលខុសត្រូវផងដែរ។

ស្ថិតក្រោមពាក្យស្លោក ចូលរួមអភិវឌ្ឍពិភពលោក ដ៏ល្អប្រសើរ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) បានកាត់បន្ថយបរិមាណទឹក យ៉ាងច្រើនដែលក្រុមហ៊ុនប្រើប្រាស់ ដើម្បីផលិតស្រាបៀររបស់ខ្លួន ដោយសម្រេចបាន ឋានៈថាជាក្រុមហ៊ុន ផលិតស្រាបៀរ ដែលមានប្រសិទ្ធភាព សន្សំសំចៃទឹកបំផុតមួយ នៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក។ ក្រុមហ៊ុនក៏បានកាត់បន្ថយ ការបញ្ចេញកាបូនឌីអុកស៊ីត ៥០% ផងដែរគិតចាប់ ពីឆ្នាំ២០១៣មក។

ក្រៅពីនេះ ក្រុមហ៊ុនបានវិនិយោគទឹកប្រាក់ រាប់លានដុល្លារលើរោងចក្រ ប្រព្រឹត្តិកម្មសំណល់រាវ នៅរោងចក្រផលិតស្រាបៀររបស់ខ្លួន នៅជាយរាជធានីភ្នំពេញ ដែលជារោងចក្រ ប្រព្រឹត្តិកម្មសំណល់រាវដំបូងគេ ក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុនក៏ប្រើប្រាស់ឡើងវិញ នូវជីវឧស្ម័នសម្រាប់ថាមពល កម្តៅផងដែរ។

ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏មានបំណងលើកកម្ពស់ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវផងដែរ។ ១០% នៃថវិកាសម្រាប់ប្រព័ន្ធផ្សព្វផ្សាយ របស់ម៉ាកយីហោ Heineken® ត្រូវបានចំណាយ លើការផ្សព្វផ្សាយ ការពិសារគ្រឿងស្រវឹង ប្រកបដោយការទទួលខុសត្រូវ ជាមួយនឹងយុទ្ធនការ “ពេលស្រវឹង សូមកុំបើកបរ”។ ក្រុមហ៊ុន ហ៊ិននីគែន (ខេមបូឌា) ក៏គាំទ្រដល់ការ បង្ហាញតម្លាភាពផងដែរ តាមរយៈការផ្តល់ព័ត៌មាន អំពីគ្រឿងផ្សំ និងកម្រិតអាហារូបត្ថម្ភ នៅលើស្រាបៀរគ្រប់ម៉ាកយីហោ ទាំងអស់របស់ខ្លួន៕

To Top