បច្ចេកវិទ្យា

កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន ស្តីពី ការស្តារសេដ្ឋកិច្ចលើកដំបូង ជាមួយវិស័យឯកជន

ក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុនតំណាងវិស័យឯកជនមួយចំនួនបានចូលរួមជាលើកដំបូង ក្នុងកិច្ចពិភាក្សាតុមូលថ្នាក់រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានស្តីពីការស្តារសេដ្ឋកិច្ច និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថលក្រោយជំងឺរាតត្បាត COVID-19 ដែលធ្វើឡើងនៅក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (MISTI) នាថ្ងៃទី 10 ខែវិច្ឆិកា ឆ្នាំ 2022។

ការខូចខាតសេដ្ឋកិច្ចដែលបង្កឡើងដោយជំងឺកូវីដ-១៩ បាននាំឱ្យបណ្តាប្រទេសអាស៊ានធ្វើការកោះប្រជុំជាច្រើនដង ដែលមួយក្នុងចំណោមនោះ គឺជាកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីដែលជាផ្នែកមួយនៃការប្រជុំសមាជអាស៊ានលើកទី៤០ និងកិច្ចប្រជុំកំពូលលើកទី៤១ របស់អាស៊ាននៅប្រទេសកម្ពុជា។ កិច្ចសន្ទនាតុមូលដែលរៀបចំដោយ MISTI បង្ហាញពីការឆន្ទះយ៉ាងរឹងមាំនៃកិច្ចសហប្រតិបត្តិការ និងការប្តេជ្ញាចិត្តពីវិស័យធំៗ រួមមានរដ្ឋាភិបាលនៃបណ្តាសមាជិកប្រទេសអាស៊ាន ស្ថាប័នស្រាវជ្រាវ ​​​​​​​​​​​  វិស័យឯកជន និងដៃគូអភិវឌ្ឍន៍សំខាន់ៗដូចជា ធនាគារពិភពលោក​ (WB) ធនាគារអភិវឌ្ឍន៍អាស៊ី (ADBI) និងបណ្តាញសហគ្រិនសកលោក (GEN) ដែលបានចូលរួមគ្នាដើម្បីធ្វើការពិភាក្សាអំពីវិធីស្តារសេដ្ឋកិច្ចឡើងវិញបន្ទាប់ពីជំងឺរាតត្បាត COVID-19។

ក្រោមកិច្ចសម្របសម្រួលដោយ​ លោកបណ្ឌិត សុខ ស៊ីផាន់ណា ទីប្រឹក្សាជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា កិច្ចសន្ទនានេះបានសង្កត់ធ្ងន់លើការដាក់បញ្ចូលឌីជីថលជាធាតុសំខាន់សម្រាប់សេដ្ឋកិច្ចឌីជីថល ក្នុងការផ្តល់នូវលទ្ធភាពស្មើគ្នាដល់មនុស្សគ្រប់រូបនៅក្នុងសង្គម និងនៅទូទាំងប្រទេសលើផ្នែកហិរញ្ញវត្ថុឌីជីថល និងការអប់រំឌីជីថល និង ជំនាញឌីជីថល។

រាជរដ្ឋាភិបាលកម្ពុជាសង្កត់ធ្ងន់លើ តួនាទីរបស់វិស័យឯកជនក្នុងការស្ថារសេដ្ឋកិច្ចឲ្យងើបឡើងវិញក្រោយជំងឺរាតត្បាត និងការចាប់ផ្តើមឡើងវិញនៃសកម្មភាពសេដ្ឋកិច្ច-សង្គមនៅក្នុងតំបន់អាស៊ានផងដែរ។ ការចូលរួមរបស់វិស័យឯកជន ជំរុញឱ្យមានសេដ្ឋកិច្ចដែលមិនមានការរើសអើង រឹងមាំ មានការប្រកួតប្រជែងខ្ពស់ និរន្តរភាព និងសមធម៌ ខណៈពេលជម្រុញឱ្យសមាហរណកម្មសេដ្ឋកិច្ចរបស់អាស៊ានកាន់តែមានស៊ីជម្រៅផងដែរ។

លោកស្រី Mila Kusheva ប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងការសន្ទនានេះបាននិយាយថា “វាជាកិត្តិយសមួយ ហើយនេះក៏ជាលើកទីមួយរបស់ក្រុមហ៊ុន Smart Axiata ដែលបានចូលរួមក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីអាស៊ាន។ វាជាឱកាសពិសេសសម្រាប់វិស័យឯកជនក្នុងការស្វែងយល់ពីទស្សនៈវិស័យរបស់ រដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់លើគោលនយោបាយពាក់ព័ន្ធទាក់ទងនឹងការស្តារសេដ្ឋកិច្ចអាស៊ានឡើងវិញ និងសមាហរណកម្មសេដ្ឋកិច្ចឌីជីថល ក៏ដូចជាការរួមចំណែកជាទស្សនៈវិស័យពីសំណាក់ក្រុមហ៊ុនឯកជន ក្នុងការកសាងក្របខ័ណ្ឌសម្រាប់សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងរឹងមាំ។ យើងសង្ឃឹមថានឹងចូលរួមក្នុងព្រឹត្តិការណ៍បែបនេះបន្ថែមទៀតនាពេលអនាគត។”

រដ្ឋជាសមាជិកអាស៊ានបានបង្ហាញឱ្យឃើញនូវគោលនយោបាយ និងក្របខ័ណ្ឌច្បាប់ដ៏រឹងមាំ និងលើកទឹកចិត្តសម្រាប់វិស័យឯកជន ដើម្បីឲ្យមានការវិនិយោគ និងការអភិវឌ្ឍបន្ថែមទៀត លើហេដ្ឋារចនាសម្ព័ន្ធ សេវាកម្ម និងផលិតផលសម្រាប់អាជីវកម្ម និងអតិថិជន។

លោក កិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍​បានមានប្រសាសន៍ថា “សមិទ្ធផលដែលកម្ពុជាសម្រេចបានមកដល់បច្ចុប្បន្ន គឺជាលទ្ធផលនៃកិច្ចសហប្រតិបត្តិការពី      វិស័យឯកជន វិទ្យាស្ថានស្រាវជ្រាវ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ប្រទេសជាមិត្តរបស់យើង និងជាពិសេសប្រជាជនកម្ពុជា។ ក្នុងន័យនេះ កម្ពុជាចង់ចូលរួមជាមួយរដ្ឋសមាជិកអាស៊ានទាំងអស់ ដើម្បីគាំទ្រដល់ការពន្លឿនការសិក្សាដើម្បីទទួលបានកិច្ចព្រមព្រៀងរួមមួយលើក្របខណ្ឌសេដ្ឋកិច្ចឌីជីថល ពិនិត្យលើវិស័យដែលអាចដាក់បញ្ចូលក្នុងក្របខណ្ឌ ដើម្បីពន្លឿនសមាហរណកម្មឌីជីថលរបស់អាស៊ានឆ្ពោះទៅរកសមាហរណកម្មសេដ្ឋកិច្ច ក្នុងតំបន់។”

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។

ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។

ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPayសេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។

ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!               

To Top