Covid-19

នាយករដ្ឋមន្ត្រី៖ ថៃគ្មានបម្រាមគោចររយៈ ពេល២៤ម៉ោង ដើម្បីទប់ស្កាត់ ការរីករាលដាល ជំងឺកូវីដ១៩ ឡើយ

បាងកក៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ថា លោក ប្រាយុទ្ធ ចាន់ឧចា នាយករដ្ឋមន្ត្រីថៃ បានថ្លែងនៅថ្ងៃពុធនេះថា ប្រទេសថៃឡង់ដ៏ មិនបានបង្ខំឲ្យមានការ ដាក់បម្រាមគោចររយៈពេល២៤ម៉ោង ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩ នៅទូទំាងប្រទេស ដូចដែលបានលេចលឺពាក្យចចាមអារ៉ាម នៅលើបណ្តាញសង្គមនោះទេ ។

លោក ឧត្តមសេនីយ៍ឯក ណាតថា ផុនណាផាននិច មេបញ្ជាការរងកងទ័ព បានដកស្រង់សម្តី លោកនាយករដ្ឋមន្រ្តីដែលបានថ្លែងថា គ្មានបម្រាមគោចររយៈពេល២៤ម៉ោង នឹងត្រូវបានអនុវត្ត ដូចពាក្យចចាមអារ៉ាមជាទូទៅ នៅលើបណ្តាញសង្គមនោះទេ ។

មេបញ្ជាការរងកងទ័ព បានលើកឡើងថា លោកប្រាយុទ្ធ ដែលដើរតួជាប្រធានមជ្ឈមណ្ឌល រដ្ឋបាលស្ថានការណ៍កូវីដ១៩ បានយកចិត្តទុកដាក់ ចំពោះសុខុមាលភាព របស់មនុស្សវ័យចំណាស់ ដែលស្នាក់នៅផ្ទះតែម្នាក់ឯង ដោយគ្មាននរណាម្នាក់យកអាហារ និងអ្នកដែលចាកចេញពីផ្ទះ ដើម្បីរកប្រាក់ចំណូលជារៀងរាល់ថ្ងៃ ដូច្នេះសម្រេចចិត្ត ប្រឆាំងនឹងលទ្ធភាព នៃបម្រាមគោចររយៈពេល២៤ម៉ោង ។

ប្រទេសថៃឡង់ដ៏ ដែលបច្ចុប្បន្ននេះ ស្ថិតនៅក្រោមបម្រាមគោចរ រយៈពេល៦ម៉ោង នៅចន្លោះម៉ោង១០និង០០នាទី និងម៉ោង០៤និង០០នាទីព្រឹក បានរាយការណ៍ថា មានចំនួន១១១ករណីថ្មី នៃការឆ្លងមេរោគកូវីដ១៩ គិតនៅត្រឹមថ្ងៃពុធនេះ ដែលធ្វើឱ្យមានចំនួនសរុប២.៣៦៩នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន៣០នាក់ ។

លោកបានអំពាវនាវ ម្តងហើយម្តងទៀតដល់ប្រជាជន ឱ្យស្នាក់នៅផ្ទះឱ្យបានច្រើន តាមតែអាចធ្វើទៅបាន ដើម្បីកាត់បន្ថយហានិភ័យ នៃការឆ្លងជំងឺ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top