Covid-19

ប្រធានាធិបតី ស៊ី ជិនពីង បញ្ជាក់ថា ចិនតែងតែមានតម្លាភាព និងការទទួលខុសត្រូវជានិច្ច ចំពោះវីរុសកូវីដ១៩

បរទេស៖ ប្រធានាធិបតីចិន លោកស៊ីជីនពីង បាននិយាយនៅថ្ងៃចន្ទថា ប្រទេសចិនមានតម្លាភាព ការទទួលខុសត្រូវ និងឆ្លើយតបទាន់ពេលវេលា ចំពោះមេរោគឆ្លង និងការចែករំលែកព័ត៌មាន ជាមួយប្រទេសដទៃទៀត។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើង របស់លោក ស៊ី ជិនពីង នៅឯសន្និបាត សុខភាពពិភពលោកថា «នៅក្នុងប្រទេសចិន បន្ទាប់ពីបានខិតខំប្រឹងប្រែង យ៉ាងស្វាហាប់និងលះបង់យ៉ាងសម្បើម យើងបានបង្វែរ រលកវាយលុករបស់វីរុស និងបានការពារអាយុជីវិត និងសុខភាពប្រជាជនរបស់យើង។ យើងបានធ្វើសកម្មភាព ដោយបើកចំហតម្លាភាព និងទំនួលខុសត្រូវ»។

លោកបន្តថា «ប្រទេសចិន បានចែករំលែកព័ត៌មានអំពីវីរុសនេះ ជាមួយសហគមន៍ពិភពលោក បានទាន់ពេលវេលា»។

ប្រធានាធិបតីចិន បានសង្កត់ធ្ងន់លើភាពចាំបាច់ ដើម្បីទប់ស្កាត់ការឆ្លងវីរុសឆ្លងព្រំដែន និងតម្រូវការចែករំលែក ចំណេះដឹងថា «យើងត្រូវតែធ្វើអ្វីគ្រប់យ៉ាង ដែលយើងអាចធ្វើបាន សម្រាប់ការគ្រប់គ្រង និងការព្យាបាលជំងឺកូវីដ១៩ នេះគឺជាការងារបន្ទាន់បំផុត។ យើងត្រូវតែចាត់ទុកប្រជាជន ជាមនុស្សសំខាន់ជាងគេ»។

លោកស៊ីបន្ថែមថា «យើងក៏ត្រូវបន្តគាំទ្រ​ ដល់ការស្រាវជ្រាវសកល ដោយអ្នកវិទ្យាសាស្ត្រ លើប្រភពនិងច្បាប់ នៃការចម្លងវីរុស»។ លោកបានស្នើឱ្យ អង្គការសុខភាពពិភពលោក ដឹកនាំការឆ្លើយតបជាសកល និងបានកោតសរសើរចំពោះ“ ការចូលរួមចំណែកដ៏សំខាន់របស់ខ្លួន ក្នុងការដឹកនាំនិងជំរុញ ការឆ្លើយតបជាសកល ចំពោះ វីរុសនេះ។

ជាងនេះទៅទៀត ប្រធានាធិបតីចិនរូបនេះ ក៏បានកត់សម្គាល់ផងដែរថា រដ្ឋាភិបាលទីក្រុងប៉េកាំង នឹងផ្តល់ថវិកាចំនួន ២ ពាន់លានដុល្លារ ក្នុងរយៈពេលពីរឆ្នាំ ដើម្បីជួយដល់ការឆ្លើយតបជាសកល ទៅលើវីរុសកូវីដ១៩ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម របស់ប្រទេស ដែលរងផលប៉ះពាល់៕

To Top