Covid-19

ក្រសួងតម្រូវ ឲ្យបើកឡើងវិញ នូវវិស័យកីឡា ដោយត្រូវគោរពលក្ខខណ្ឌ ជៀសវាងឆ្លងកូវីដ១៩

ភ្នំពេញ ៖លោកម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួង សុខាភិបាល និងជាប្រធាន គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា ការបើកឡើងវិញ នូវវិស័យកីឡា ជាជំហានៗ ត្រូវឲ្យមាន វិធានការកែតម្រូវ សម្រាប់ការបើកដំណើរការ គឺត្រូវគោរពតាមលក្ខខណ្ឌមួយចំនួន ដើម្បីការពារការឆ្លងជំងឺកូវីដ១៩។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ ចេញផ្សាយ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឲ្យដឹងថា លក្ខខណ្ឌមួយចំនួន ដូចខាងក្រោម ៖

ទី១-អនុញ្ញាត ឲ្យបើកការប្រកួតកីឡាផ្លូវការរបស់សហព័ន្ធកីឡាជាតិ ដោយមិនមានអ្នកទស្សនា ដែល មានតែកីឡាករ កីឡាការិនី និងមន្ដ្រីបច្ចេកទេស ក្នុងចំនួនមិនឲ្យលើសពី១០០នាក់ ក្រោមការគ្រប់គ្រង ទទួលខុសត្រូវយ៉ាងហ្មត់ចត់ ពីសហព័ន្ធកីឡាជាតិនីមួយៗ។

ទី២-អនុញ្ញាត ឲ្យមានការប្រមូលផ្ដុំហ្វឹកហាត់ ក្រុមកីឡាជម្រើសជាតិឡើងវិញ ក្រោមការគ្រប់គ្រង របស់ក្រសួងអប់រំ យុវជន និងកីឡា ដោយគោរពយ៉ាងម៉ឹងម៉ាត់ តាមវិធានការការពារ កុំឲ្យមានការចម្លងវីរុសកូវីដ-១៩ និងការពាររលកទី២ នៃការចម្លងវីរុសនេះ។

ទី៣-មុននឹងបើកឲ្យដំណើរការ ត្រូវមានការចាត់ចែង រៀបចំជាមុននូវវិធាន ការការពារនានា ដូចជា ៖ ការ សម្អាតដៃឲ្យបានញឹកញាប់ ដោយប្រើទឹកស្អាត និងសាប៊ូ ឬទឹកអាល់កុល ឬទឹកជែលសម្រាប់លាងដៃ ជាដើម។

និងទី៤-ត្រូវធានាថា ទីកន្លែងដែលបើកដំណើរការកីឡា តហរូវមានការអនុវត្តវិធានការការពារ ការចម្លងវីរុសកូវីដ-១៩ បានត្រឹមត្រូវ ហ្មត់ចត់ មានអ្នកត្រួតពិនិត្យត្រឹមត្រូវ ហើយមិនត្រូវឲ្យ កន្លែងធ្វើសកម្មភាពកីឡារបស់ខ្លួន ក្លាយទៅជាកន្លែង រាតត្បាតជំងឺកូវីដ-១៩នោះឡើយ។

ជាងនេះទៅទៀត គណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ តាមរយៈក្រសួងសុខាភិបាល បន្ដអំពាវនាវ ដល់ប្រជាពលរដ្ឋអនុវត្តវិធានការ ការពារខ្លួនជាចាំបាច់ នៅក្នុងដំណាក់កាល ប្រយុទ្ធនឹងជំងឺកូវីដ-១៩ នេះ ដើម្បីការពារ ការចម្លងវីរុសកូវីដ-១៩ ពីបុគ្គលម្នាក់ ទៅបុគ្គលម្នាក់ និងកុំឲ្យមានរលកទី២ នៃការចម្លងទៀត៕

ដោយ ៖ អេង ប៊ូឆេង

To Top