Covid-19

អ្នកស្លាប់ ដោយសារមេរោគកូវីដ នៅប្រទេសថៃ កើនឡើងដល់ ៥៧នាក់, អ្នកស្លាប់ចុងក្រោយមានជំងឺ ទឹកនោមផ្អែម ខ្សោយតំរងនោម និងលើសឈាម

បរទេស៖ អ្នកនាំពាក្យ ក្រសួងសុខាភិបាលថៃ បាននិយាយថា រដ្ឋាភិបាលបានបញ្ជាក់ ពីករណីឆ្លងវីរុសថ្មីចំនួន ២ ករណី និងមានអ្នកស្លាប់ម្នាក់បន្ថែមទៀត នៅថ្ងៃច័ន្ទ ដោយសរុបអ្នកស្លាប់ កើនឡើងដល់ ៥៧នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងដោយផ្អែក តាមការលើកឡើង របស់អ្នកនាំពាក្យ មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាព មេរោគ Covid-19 ថា ចំនួនឆ្លងថ្មីបាននាំឱ្យ មានករណីសរុប នៅក្នុងប្រទេសថៃដល់ ៣.០៤២ នាក់ និងស្លាប់ដល់ ៥៧ នាក់ ចាប់តាំងពីការផ្ទុះឡើង បានចាប់ផ្តើមនៅក្នុងខែមករា។

ផ្ទាំងពាណិជ្ជកម្ម

អ្នកនាំពាក្យខាងលើ បាននិយាយថា ជាង ៩៦% នៃអ្នកជំងឺឬ ២,៩២៨ នាក់បានជាសះស្បើយឡើងវិញ។ ស្ថិតិរដ្ឋាភិបាលបានបង្ហាញថា មនុស្ស ៧ នាក់ទៀត ត្រូវបានរំសាយចេញក្នុងរយៈពេល ២៤ ម៉ោងដោយបន្សល់ទុក អ្នកជំងឺចំនួន ៥៧ នាក់ កំពុងសម្រាកនៅមន្ទីរពេទ្យ។

អ្នកនាំពាក្យរូបនេះ បាននិយាយថា អ្នកស្លាប់ចុងក្រោយ គឺស្ត្រីម្នាក់អាយុ ៦៨ ឆ្នាំដែលបានស្លាប់នៅខេត្ត Chumphon កាលពីថ្ងៃអាទិត្យ។ អ្នកដែលស្លាប់នេះ បានទាក់ទងជាមួយអ្នកជំងឺ មុនពេលវិវត្តរោគសញ្ញា ហើយគាត់ក៏មានជំងឺទឹកនោមផ្អែម ខ្សោយតំរងនោម និងជំងឺលើសឈាមផងដែរ៕ ប្រែសម្រួលៈ ណៃ តុលា

To Top