Covid-19

លោក ពូទីន ទទួលបានការអញ្ជើញ ពីនាយករដ្ឋមន្ត្រីអង់គ្លេស ស្តីពីជំនួបកំពូល រឿងវ៉ាក់សាំងវីរុសកូរ៉ូណា

បរទេស៖វិមានក្រឹមឡាំង បាននិយាយនៅថ្ងៃពុធនេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅពេលថ្មីៗនេះ ទើបទទួលបានការអញ្ជើញមួយ ពីនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson ឲ្យចូលរួមក្នុងជំនួបកំពូលមួយ ស្តីពីវ៉ាក់សាំងមេរោគកូរ៉ូណា ប៉ុន្តែនៅមិនទាន់ធ្វើការសម្រេច ចិត្តលើការចូលរួមនេះ នៅឡើយនោះទេ។

តាមសេចក្តីរាយការណ៍ នៅថ្ងៃទី០៤ ខែមិថុនាខាងមុខនេះ រដ្ឋាភិបាលអង់គ្លេស នឹងប្រារព្ធធ្វើជំនួបកំពូលស្តីពីវ៉ាក់សាំងសកលឆ្នាំ២០២០ ដើម្បីបញ្ជូន ធនធានដែលចាំបាច់នានា ដើម្បីធានាដល់ការបង្កើតថ្នាំវ៉ាក់សាំងសកល ប្រឆាំងមេរោគកូរ៉ូណា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃពុធទី២៧ ខែឧសភានេះ ករណីឆ្លងវីរុសកូរ៉ូណានៅទូទាំងពិភពលក មានចំនួន៥.៧១៦.៧៦៦ករណី អ្នកស្លាប់បណ្ដាល មកពីឆ្លងវីរុសនេះ មានចំនួន៣៥២.៩៦៥នាក់ ហើយអ្នកបានជាសះស្បើយពីវីរុសនេះ មានចំនួន ២.៤៥៥.៧៥៣នាក់ នេះបើយោង តាមទិន្នន័យ ដែលធ្វើបច្ចុប្បន្នភាព ដោយគេហទំព័រ Worldometer នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២០៕
ប្រែសម្រួល៖ប៉ាង កុង

To Top