Covid-19

អភិបាលខេត្តកំពង់ចាម ប្រាប់ឲ្យមន្ត្រីពាក់ព័ន្ធ បន្តយុទ្ធនាការ ដើម្បីការពារជំងឺកូវីដ១៩

កំពង់ចាម ៖ ក្នុងកិច្ចប្រជុំបូកសរុប ការងារបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ នៅព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២០ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងក្រើនរំលឹក ដល់មន្ត្រី ពាក់ព័ន្ធ ឲ្យបន្តការផ្សព្វផ្សាយ តាមការណែនាំ របស់ក្រសួងសុខាភិបាល
ដើម្បីបង្ការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ១៩ ។

ក្នុងឱកាសនោះ លោកអភិបាលខេត្ត បានថ្លែងរំលឹក អំពីបទពិសោធន៍ នៅក្នុងយុទ្ធនាការ បង្ការ ទប់ស្កាត់ជំងឺកូវីដ១៩ រលកទី១ ដោយក្នុងនោះ ខេត្តកំពង់ចាម មានអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន ១៦នាក់ ហើយត្រូវបានព្យាបាលជាទាំងស្រុង ។

ប៉ុន្តែយ៉ាងណាក៏ដោយ លោកអភិបាលខេត្ត នៅតែក្រើនរំលឹក ដល់មន្ត្រីពាក់ព័ន្ធទាំងអស់ ឲ្យបន្តការផ្សព្វផ្សាយ ដោយការចាក់ផ្សាយ តាមឃោសនស័ព្ទ និងឧបករណ៍បំពងសំឡេង ទៅដល់គ្រប់ទីកន្លែង បើទោះបីជាជំងឺកូវីដ១៩នៅកម្ពុជា មានការស្ងប់ស្ងាត់ក៏ដោយ ។ និងបន្តការគ្រប់គ្រង លើពលករមកពីក្រៅប្រទេស ដូចជាប្រទេសថៃ ឬ ប្រទេសកូរ៉េជាដើម ។

ទន្ទឹមនឹងនោះ លោកអភិបាលខេត្ត បានផ្ដាំផ្ញើដល់មន្ត្រីអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវបន្តពិនិត្យមើល លើជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋក្រីក្រ ដើម្បីឲ្យអាជ្ញាធរខេត្តបានដឹង និងធ្វើការជួយសង្គ្រោះ ដល់ពួកគាត់ បានទាន់ពេលវេលាផងដែរ៕

To Top