Covid-19

បញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ជុំទី១ ទូទាំងខេត្តស្វាយរៀង

ស្វាយរៀង៖ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្របខណ្ឌទូទាំងប្រទេស នៅថ្ងៃទី១៣ ខែកញ្ញាឆ្នាំ២០២១នឹះបានចុះបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជុំទី១ ទូទាំងខេត្តស្វាយរៀង ដែលបានប្រារព្ធធ្វើនៅមន្ទីរពេទ្យខេត្តស្វាយរៀង។

លោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀងមានប្រសាសន៍ថា ការរៀបចំពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ដែលមានអាយុ ១៨ឡើង នាពេលនេះ គឺពិតជាបានបង្ហាញឲ្យឃើញពីភាពជោគជ័យដ៏ត្រចះត្រចង់ នៃការដាក់ចេញនូវគោលនយោបាយជាយុទ្ធសាស្ត្រក្នុងការបង្កើតភាពស៊ាំសហគមន៍ ទប់ទល់នឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដោយអនុលោមតាម ”អភិក្រមផ្ការីក” របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោកបន្តថា បើទោះនៅថ្ងៃនេះរដ្ឋបាលខេត្ត និងក្រសួងសុខាភិបាល ប្រារព្ធពិធីបិទយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជុំទី១ ជូនប្រជាពលរដ្ឋដែលមានអាយុ ១៨ឡើងក៏ពិតមែន ប៉ុន្តែរដ្ឋបាលខេត្ត នៅតែបន្តចាត់ចែងរៀបចំចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដែលនៅសេសសល់ខកខានមិនទាន់បានចាក់វ៉ាក់សាំងកន្លងមកដោយមូលហេតុផ្សេងៗ ដែលរដ្ឋបាលខេត្ត បានត្រៀមរៀបចំទីតាំងអចិន្ត្រៃយ៍ ចំនួន ៨កន្លែង (មួយកន្លែងក្នុងមួយក្រុង ស្រុក) និងផ្សព្វផ្សាយជំរុញដល់ប្រជាពលរដ្ឋមកទទួលការចាក់សាំងឲ្យបានគ្រប់ៗគ្នា ។ ទន្ទឹមនេះ ក្នុងនាមរដ្ឋបាលខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ក្នុងក្របខណ្ឌទូទាំងខេត្ត។

លោក អភិបាលខេត្ត ក៏សូមអំពាវនាវដល់ក្មួយៗ និងបងប្អូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១២ឆ្នាំឡើង ដែលមានលក្ខខណ្ឌគ្រប់គ្រាន់អាចទទួលការចាក់វ៉ាក់សាំងបាន សូមអញ្ជើញមកទទួលការចាក់វ៉ាក់សាំងនៅតាមទីតាំងដែលខេត្តបានរៀបចំ និងសូមឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់នៅទូទាំងខេត្ត ចូលរួមយុទ្ធនាការនេះ តាមរយៈការជួយជំរុញ ណែនាំដល់បងប្អូន សាច់ញាតិ និងមិត្តភក្តិ ដែលមិនទាន់បានចាក់វ៉ាក់សាំង ឲ្យមកទទួលការចាក់វ៉ាក់សាំងឲ្យបានគ្រប់ៗគ្នា ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការធានាឲ្យបាននូវគោលដៅបង្កើតភាពស៊ាំសហគមន៍ដ៏រឹងមាំពិតប្រាកដ ទប់ទល់នឹងការវាយលុក នៃមេរោគកូវីដ-១៩ គ្រប់ប្រភេទ និងសូមបញ្ជាក់ជូនថា ការចាក់វ៉ាក់សាំងនេះគឺមិនមានគិតថ្លៃនោះទេ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស មានប្រសាសន៍ថ្លែងអំណរគុណរដ្ឋបាលខេត្តស្វាយរៀង ក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងអស់ដែលបានចូលរួមយុទ្ធនាកាចាក់វ៉ាក់សាំងកូវីដ-១៩នេះ ។

លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋ ដោយបានបញ្ជាទិញវ៉ាក់សាំងកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាជនបរទេស មានដូចជាមន្ត្រីទូត និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាដើម ព្រោះការចាក់វាក់សាំង គឺជាគន្លឹៈសំខាន់ក្នុងការការពារជំងឺកូវីដ-១៩ ។ ទន្ទឹមនេះ លោកជំទាវក៏បានសំណូមពរដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ ដែលបានទទួលបានវ៉ាក់សាំងដូសទី១ ទី២ និងទី៣ កុំភ្លេចខ្លួនត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការសុខាភិបាល និងវិធានការ ៣.ការពារ ៣.កុំ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top