សេដ្ឋកិច្ច

ស្វែងយល់ពីច្រកអាទិភាព ETC ដើម្បីធានាដល់ការចូល-ចេញផ្លូវល្បឿនលឿន ដោយមិនបាច់រង់ចាំ

ភ្នំពេញ៖ អ្វីទៅជា “ច្រក ETC” ?, “ETC” គឺជាច្រកអាទិភាព ស្ថិតនៅខាងឆ្វេងដៃបង្អស់ នៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានសញ្ញា ETC នៅពីលើ ហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន ។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន ។

ដើម្បីចូល-ចេញច្រកនេះបាន បងប្អូនអ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត ប្រសិនបើរថយន្តរបស់បងប្អូនដែលមិនបានបំពាក់ឧបករណ៍ OBU នោះទេ គឺមិនអាចចូល-ចេញ “ច្រក ETC” នេះបានឡើយ បើទោះបីជាបានបញ្ចូលទឹកប្រាក់ទៅក្នុងផ្លាកលេខជាមុនក៏ដោយ។

ដើម្បីបំពាក់ឧបករណ៍ OBU បងប្អូនអាចអញ្ជើញទៅធ្វើការចុះឈ្មោះនៅ មណ្ឌលផ្តល់សេវាសាធារណៈទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ឬ គ្រប់បណ្តាស្ថានីយបង់ប្រាក់ផ្លូវល្បឿនលឿនទាំង ៨ទីតាំង ដោយនាំយកទៅជាមួយនូវរថយន្តដែលត្រូវបំពាក់ និងឯកសារតម្រូវ រួមមានដូចខាងក្រោម៖
១. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
២. បណ្ណសម្គាល់យានជំនិះ(កាតគ្រី) និង
៣. វិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក)។

សូមបញ្ជាក់ផងដែរថា ប្រសិនបើមិនបានបំពាក់ឧបករណ៍ OBU បងប្អូនក៏អាចជ្រើសរើសការចូល-ចេញតាម “ច្រក ANPR” ផងដែរ ដែលតម្រូវឱ្យបញ្ចូលទឹកប្រាក់ជាមុនទៅក្នុងផ្លាកលេខ ឬ ជ្រើសរើសការចូល-ចេញដោយធម្មតាតាម “ច្រក MTC” ដែលតម្រូវឱ្យយកកាតនៅច្រកចូល និងទូទាត់ជាសាច់ប្រាក់សុទ្ធនៅច្រកចេញ។ ក្នុងករណីមានចរាចរណ៍មមាញឹក បងប្អូនអាចប្រឈមនឹងការរង់ចាំយូរនៅច្រកចេញ ចំពោះការជ្រើសរើស “ច្រក MTC” ៕

To Top