បរទេស៖ ក្រសួងបង្រួបបង្រួម របស់ទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសកូរ៉េខាងត្បូង បានស្នើឲ្យមានការនិយាយគ្នា ជាមួយកូរ៉េខាងជើង ស្តីពីវិធីគ្រប់គ្រងតំបន់លំហែ កំសាន្តនៅភ្នំ Kumgang ស្ថិតនៅក្នុងប្រទេស កូរ៉េខាងជើង ដែលជាឧទាហរណ៍ដ៏កម្រមួយ នៃសហប្រតិបត្តិការ រវាងកូរ៉េទាំងពីរ ដែលទីក្រុងព្យុងយ៉ាងចង់ដកចេញ ស្របពេលមាន បញ្ហាទំនាក់ទំនងគ្នា។
មន្ត្រីនាំពាក្យរបស់ក្រសួង បង្រួបបង្រួមកូរ៉េខាងត្បូង លោក Lee Sang-min តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និសីទកាសែត មួយដូច្នេះថា “គោលជំហរដ៏ខ្ជាប់ខ្ជួនរបស់យើងនោះ គឺថា រាល់បញ្ហាចំណងមិត្តភាព អន្តរកូរ៉េទាំងអស់ គួរតែត្រូវបានដោះស្រាយ តាមរយៈការពិភាក្សាគ្នា”។
គួរបញ្ជាក់ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បាននិយាយកាលពីសប្ដាហ៍មុនថា លោកចង់រុះរើ ចោលបរិវេណមិនសមរម្យ បែបមូលធននិយមចេញ ហើយធ្វើការកសាងជាថ្មីឡើងវិញ ដែលនេះជាសញ្ញា ដ៏ថ្មីបំផុតនៃការជាប់គាំងមិត្តភាពរវាងប្រទេសកូរ៉េទាំងពីរ៕ ប្រែសម្រួល៖ប៉ាង កុង