ព័ត៌មានអន្តរជាតិ

ជនអន្តោប្រវេសន៍១៤៩នាក់ ត្រូវបានឆ្មាំសមុទ្រអ៊ីតាលី ជួយសង្រ្គោះជីវិត ខណៈ២០នាក់កំពុងបាត់ខ្លួន

រ៉ូម៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយបនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៩ថា ក្រុមអាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ក្នុងស្រុកបានរាយការណ៍ នៅថ្ងៃអាទិត្យនេះថា សរុប ទៅមានជនអន្តោប្រវេសន៍ ចំនួន១៤៩នាក់ត្រូវបានជួយសង្គ្រោះ និងប្រមាណ២០នាក់កំពុងបាត់ខ្លួន ក្រោយពីមានករណីក្រឡាប់ទូក ១គ្រឿង កាលពីយប់ថ្ងៃសៅរ៍ នៅគ្រាដែលមានព្យុះសមុទ្រកើតឡើង នៅជិតកោះ កោះ Lampedusa ប្រទេសអ៊ីតាលី ។

ឆ្មាំសមុទ្រនៅក្នុងប្រទេសអ៊ីតាលី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្តាញសង្គម Twitter ថា ក្រុមជនអន្តោប្រវេសន៍ ដែលបានជួយសង្គ្រោះ ក្នុងនោះរាប់បញ្ចូលទាំងបុរស១៣៣នាក់ ស្ត្រី១៣នាក់ និងកុមារ ចំនួន៣នាក់ ហើយការរាវរកអ្នកបាត់ខ្លួននៅតែបន្តរុករកនៅឡើយ ។

ទីភ្នាក់ងារព័ត៌មានអ៊ីតាលី ANSA និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន RAI News 24 បានរាយការណ៍ថា ក្រុមអ្នក ដែលនៅមានជីវិតបានប្រាប់ដល់ក្រុមអ្នកជួយសង្គ្រោះថា ទូកបានដឹកពលរដ្ឋប្រមាណជាង១៦០នាក់ ហើយអ្នកដំណើរប្រមាណ២០នាក់កំពុងបាត់ខ្លួន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top