ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីចិន៖ កិច្ចការហុងកុង និងម៉ាកាវ គឺជាកិច្ចការផ្ទៃក្នុង របស់ចិនទាំងមូល

បរទេស៖ ទីក្រុងហុងកុង កំពុងឆ្លងកាត់ការតវ៉ាមួយ ដែលបានចាប់ផ្តើម នៅក្នុងខែមីនា ជុំវិញច្បាប់ធ្វើបត្យាប័ន។ ជម្លោះអំពើហិង្សា បានកើតឡើងរវាងប៉ូលិសនិងបាតុករ ទោះបីជាច្បាប់នេះ ត្រូវបានដកចេញវិញ នៅក្នុងខែតុលាក៏ដោយ។ ជាមួយគ្នានោះដែរ ពាក់ព័ន្ធនឹងអំពើហិង្សា ដែលបានកើតឡើងជាច្រើនខែនេះ ប្រធានាធិបតីចិនថា កិច្ចការហុងកុងនិងម៉ាកាវ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងមូល ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងដោយផ្អែក តាមសារព័ត៌មានរ៉យទ័រថា ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយនៅថ្ងៃសុក្រនេះថា កិច្ចការហុងកុងនិងម៉ាកាវ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនតែមួយគត់ ដោយកត់សម្គាល់ថា ចិននឹងមិនអនុញ្ញាត ឱ្យឥទ្ធិពលបរទេសជ្រៀតជ្រែកឡើយ។

ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយដោយស្រង់សម្តីរបស់លោក ស៊ីថា “ខ្ញុំចង់បញ្ជាក់នៅទីនេះថា បន្ទាប់ពីការវិលត្រឡប់ហុងកុង និងម៉ាកាវទៅកាន់ស្រុកកំណើតវិញ កិច្ចការនៃតំបន់រដ្ឋបាលពិសេសទាំងពីរ គឺជាកិច្ចការផ្ទៃក្នុងរបស់ចិនទាំងស្រុង ដែលមិនចាំបាច់ចង្អុលបង្ហាញ ដោយកម្លាំងខាងក្រៅណាមួយទេ” ។

មេដឹកនាំចិន ដែលបានចូលរួមពិធី អបអរសាទរខួបលើកទី ២០ នៃការប្រគល់ម៉ាកាវដល់ប្រទេសចិន។ មុននេះលោកស៊ីបានស្បថ ក្នុងរដ្ឋបាលម៉ាកាវថ្មី ដែលដឹកនាំដោយ លោក Ho Iat-Seng។

ទីក្រុងប៉េកាំងមើលឃើញ ពីស្ថានភាពនៅហុងកុង ដែលជាលទ្ធផលនៃការជ្រៀតជ្រែក របស់បរទេសនៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះសកម្មភាព របស់អាជ្ញាធរមូលដ្ឋាន៕ ប្រែសម្រួលៈ ណៃ តុលា

To Top