ញូវយ៉ក:ទីភ្នាក់ងារ ចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យទី៥ ខែមករានេះ បានសរសេរថា ក្រុមបាតុករប្រឆាំង នឹងសង្គ្រាមរាប់រយនាក់ បានប្រមូលផ្តុំគ្នា កាលពីថ្ងៃសៅរ៍ម្សិលមិញ នៅត្រង់តំបន់អគារពាណិជ្ជកម្មធំបំផុត របស់ទីក្រុងមានឈ្មោះថា Times Squareនាទីក្រុងញូវយ៉ក។
បាតុកម្មនេះ ត្រូវបានគេជឿ ជាក់ថា បានធ្វើឡើងនៅបន្ទាប់ពីមានការវាយប្រហារ តាមអាកាសរបស់អាមេរិក នៅក្បែរអាកាសយានដ្ឋាន អន្តរជាតិ Baghdad ដោយជាលទ្ធផល បានសម្លាប់មេបញ្ជាការ កំពូល របស់ប្រទេសអ៊ីរ៉ង់ម្នាក់ ហើយមកដល់ពេលនេះ វាបានក្លាយទៅជាព័ត៌មាន ដ៏គួរឲ្យចាប់អារម្មណ៍បំផុត ដោយសារតែអ៊ីរ៉ង់ បានថែមទាំងប្រកាសប្តេជ្ញាសងសឹក អាមេរិកវិញផងដែរ។
ក្រុមអ្នកតវ៉ាបាននាំគ្នាកាន់បដាដែលសរសេរថា “ បញ្ហាជាច្រើនដូចជាការងារថែទាំសុខភាព ការអប់រំលំនៅដ្ឋានតម្រូវការមនុស្ស មិនមែនសង្គ្រាមគ្មានទីបញ្ចប់នោះទេ និងក៏ដូចជាបដាដែលសរសេរថា គ្មានសង្គ្រាមនិងគ្មានការដាក់ ទណ្ឌកម្មលើអ៊ីរ៉ង់ជាដើមផង។
ក្នុងនោះផងដេរក្រុមអ្នកតវ៉ា បានថែមទាំងនោះគ្នាស្រែកថា គ្មានយុត្តិធម៌គ្មានសន្តិភាពទេ សហរដ្ឋអាមេរិកគួរតែចាកចេញពីមជ្ឈឹមបូព៌ា និងពាក្យថាគ្មានសង្គ្រាមជាមួយអ៊ីរ៉ង់ទេ៕
ប្រែសម្រួល:ស៊ុនលី