បរទេស ៖ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Mike Pompeo នៅថ្ងៃចន្ទសប្ដាហ៍នេះ បានមានប្រសាសន៍ថា ការសម្លាប់លោក Qassem Soleimani គឺជាផ្នែកមួយនៃការពង្រីក យុទ្ធសាស្ត្រមួយទប់ទល់ សត្រូវអាមេរិក ដែលក៏នឹងអនុវត្ត ចំពោះប្រទេសចិននិងប្រទេសរុស្ស៊ី។
ក្នុងសុន្ទរកថា របស់លោកនៅវិទ្យាស្ថាន Hoover របស់សាកលវិទ្យាល័យ Stanford University លោក Pompeo តាមសេចក្តីរាយការណ៍ មិនបានមានប្រសាសន៍ ដល់ការគម្រាមកំហែង វាយប្រហារភ្លាមៗគ្រោងធ្វើឡើង ដោយលោក Soleimani នោះទេ។
លោករដ្ឋមន្ត្រីការបរទេស អាមេរិកនិយាយថា មានយុទ្ធសាស្ត្រកាន់តែធំឡើងមួយ នៅពីក្រោយការសម្លាប់លោក Soleimani ជាមេបញ្ជាការនៃកងកម្លាំង Quds Force ជាកងកម្លាំងចារកម្មនៅបរទេស និងយោធាប៉ារ៉ាជាន់ខ្ពស់ របស់អ៊ីរ៉ង់។
លោកបន្ថែមទៀតយ៉ាងដូច្នេះថា “លោកប្រធានាធិបតី ត្រាំ និងយើងទាំងអស់គ្នា នៅក្នុងក្រុមសន្តិសុខជាតិ កំពុងតែបង្កើតឡើងជាថ្មី នូវការទប់ស្កាត់ គឺជាការទប់ស្កាត់ពិត ប្រឆាំងនឹងសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់”៕
ប្រែសម្រួល៖ប៉ាង កុង