ព័ត៌មានអន្តរជាតិ

ប្អូនស្រីលោក គីម ជុងអ៊ុន និយាយការពារ ការតេស្តមីស៊ីល

បរទេស ៖ ប្អូនស្រីដ៏មានអំណាច របស់លោក គីម ជុងអ៊ុន នៅពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានថ្វើការ ព្រមានដល់ទីក្រុងសេអ៊ូល នៅក្នុងសេចក្តីថ្លែងការណ៍ ដ៏កម្រមួយ ដោយនិយាយការពារ ចំពោះការបាញ់តេស្តមីស៊ីល វាយប្រហារក្នុងចម្ងាយខ្លី នាពេលថ្មីៗនេះ របស់កូរ៉េខាងជើង ។

ក្នុងសេចក្តីថ្លែងការណ៍ ដែលប្រគល់ឲ្យដល់ទីភ្នាក់ងារសារព័ត៌មាន កណ្ដាលរបស់ទីក្រុងព្យុងយ៉ាង ឈ្មោះ KCNA ប្អូនស្រីមេដឹកនាំកូរ៉េខាងជើង ឈ្មោះ គីម យូអ៊ុន ដែលត្រូវគេជឿថា ជាអនុប្រធាន នៃនាយកដ្ឋានផ្សព្វផ្សាយ និងការជជែកវែងញែក របស់គណបក្សពលករកូរ៉េ បាននិយាយថា វិមានខៀវប្រធានាធិបតីកូរ៉េខាងត្បូង បានឆ្លងបន្ទាត់សម្រាប់ការថ្លែង ពាក់ព័ន្ធការតេស្ត អាវុធកូរ៉េខាងជើង ។

ទីភ្នាក់ងារសារព័ត៌មាន UPI បានរាយការណ៍ថា យោងទៅតាមសេចក្តីរាយការណ៍ ពីប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង បានឲ្យដឹងថា ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង និយាយថា សេចក្តីថ្លែងការណ៍ ពីការិយាល័យរបស់លោកប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអ៊ីន នោះ គឺជាចំណាត់ការ ដ៏ក្រអឺតឥតកោតក្រែង ៕
ប្រែសម្រួល៖ប៉ាង កុង

To Top