ព័ត៌មានអន្តរជាតិ

ភរិយា នាយករដ្ឋមន្រ្តី អេស្ប៉ាញ ឆ្លងមេរោគកូវីដ១៩ ក្នុងពេលអ្នកឆ្លង ទូទាំងប្រទេសនេះ កើនដល់ ៦.៣០០ នាក់

បរទេស៖ ការិយាល័យ របស់នាយករដ្ឋមន្រ្តី របស់អេស្ប៉ាញ បានបញ្ជាក់កាលពីយប់ថ្ងៃសៅរ៍ថា លោកស្រី Begona Gomez ភរិយារបស់នាយករដ្ឋមន្រ្តី អេស្ប៉ាញលោក Pedro Sanchez បានធ្វើតេស្តិ៍ ជាវិជ្ជមាន ចំពោះមេរោគវីរុសកូវីដ១៩។ ទាំងលោកស្រី Gomez និងលោក Sanchez កំពុងស្ថិតក្នុងស្ថានភាពល្អប្រសើរ ហើយយោងតាម ប្រភពពីរដ្ឋាភិបាល អ្នកទាំងពីរ កំពុងអនុវត្តតាមវិធានការ បង្ការដែលបានណែនាំ ដោយអាជ្ញាធរសុខាភិបាល។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ព័ត៌មាននេះបានកើតឡើងត្រឹមតែ បីម៉ោងបន្ទាប់ពីលោក Sanchez បានអនុម័តការដាក់រដ្ឋ ប្រកាសអាសន្ន សម្រាប់ប្រទេសអេស្បាញ ទាំងអស់ក្នុងរយៈពេល ១៥ ថ្ងៃទៀត ដោយមានហាងនានា (លើកលែងតែអ្នក លក់ទំនិញសំខាន់ៗ) បារ ភោជនីយដ្ឋាន រោងកុន សាលារៀន និងសាកលវិទ្យាល័យទាំងអស់ បិទទ្វារ ហើយ ការរឹតត្បិតការធ្វើដំណើរ ត្រូវបានដាក់លើប្រជាជនទាំងមូល។

យោធាអេស្ប៉ាញ ក៏ត្រូវបាន កេណ្ឌប្រមូល ដើម្បីជួយដោះស្រាយវិបត្តិ ជំងឺកូវីដ១៩នេះ និងធានានូវការផ្គត់ផ្គង់ចាំបាច់ ខណៈរថភ្លើង ក្នុងក្រុង និងឡានក្រុង មើលឃើញថាសេវាកម្មរបស់ពួកគេ បានថយចុះ ៥០ ភាគរយ ដោយសារចំនួនករណី ដែលបានបញ្ជាក់ នៅក្នុងប្រទេសអេស្បាញ បានកើនដល់ជាង ៦.៣០០ នាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top