ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់សន្យា ធ្វើការវាយបក ចំពោះភាពគឃ្លើន របស់អាមេរិក នៅតំបន់ឈូង សមុទ្រពែរ្ស

បរទេស៖ មន្ត្រីនាំពាក្យឲ្យយោធាអ៊ីរ៉ង់មួយរូប តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បាននិយាយប្រាប់ថា ទង្វើប្រកបដោយភាពគឃ្លើន ណាមួយ ធ្វើឡើង ដោយសហរដ្ឋអាមេរិក នៅក្នុងតំបន់ឈូងសមុទ្រពែរ្ស នឹងត្រូវជួបគ្នាជាមួយការ វាយបកដ៏ខ្លាំងក្លាវិញ។

នាយឧត្តមសេនីយ៍ លោក Abolfazi Shekarchi បានមានប្រសាសន៍ថា ភាពគឃ្លើនបែបនោះដែលអាមេរិកធ្វើឡើង នៅក្នុងដែនទឹករបស់ប្រទេសអ៊ីរ៉ង់ នឹងបង្កឲ្យមានការឆ្លើយតបវិញភ្លាមៗ ។ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីសប្ដាហ៍មុនថា លោកទើបបានណែនាំឲ្យ កងកម្លាំងជើងទឹកអាមេរិក បាញ់កម្ទេចទូកចម្បាំងអ៊ីរ៉ង់ ប្រសិនបើពួកគេយារយីនាវាអាមេរិក។

ជាការឆ្លើយតប ចំពោះការថ្លែងរបស់ប្រធានាធិបតី សហរដ្ឋអាមេរិកវិញ លោក Shekarchi បានមានប្រសាសន៍ដូច្នេះថា “ប្រសិនបើលោក ត្រាំ និយាយជាការពិតនោះ ពួកគេគួរតែដឹងថា ទង្វើដ៏តូចបំផុត ឬក៏ការបំពានតែមួយ ចំពោះផលប្រយោជន៍ ឬចំពោះដែនទឹកអ៊ីរ៉ង់ នឹងនាំអ្នកបំពានឲ្យ ទទួលបានការវាយបកវិញ”៕
ប្រែសម្រួល៖ប៉ាង កុង

To Top