ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង គ្រោងបើកសាលារៀន ឡើងវិញ នៅថ្ងៃទី១៣ឧសភានេះ ខណៈវីរុសរាតត្បាត កាន់តែថយចុះ

សេអ៊ូល៖ ប្រទេសកូរ៉េខាងត្បូង គ្រោងនឹងបើកសាលារៀន និងកន្លែងសាធារណៈ ដូចជាសួនច្បារ និងបណ្ណាល័យ ឡើងវិញ ខណៈដែលយុទ្ធនាការគម្លាត សង្គមយ៉ាងតឹងរឹង របស់ប្រទេសនេះ បានឈានដល់ទីបញ្ចប់ ចំពេលមានការព្រួយបារម្ភ បានថយចុះ ចំពោះការឆ្លងមេរោគ។

យោងតាមសារព័ត៌មាន The Straits Times ចេញផ្សាយនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្ងៃអង្គារ (ទី ៥ ឧសភា) នឹងក្លាយជាថ្ងៃចុងក្រោយនៃយុទ្ធនាការទូទាំងប្រទេស ដែលបានជួយទប់ស្កាត់ការ រីករាលដាលនៃវីរុស ដែលបានកើតឡើងដំបូងនៅថ្ងៃទី ២០ ខែមករា។

មានតែករណីថ្មីចំនួន ៨ ប៉ុណ្ណោះ ដែលត្រូវបានរាយការណ៍នៅថ្ងៃច័ន្ទ ដែលធ្វើឱ្យចំនួនឆ្លងសរុបកើនឡើងដល់ ១០.៨០១ នាក់។ ករណីថ្មីទាំងអស់ សុទ្ធតែត្រូវបាននាំចូល។

ក្រសួងអប់រំកូរ៉េខាងត្បូង បានឱ្យដឹងនៅថ្ងៃច័ន្ទថា សិស្សអនុវិទ្យាល័យនឹងក្លាយជាមនុស្សដំបូង ដែលបានវិលត្រឡប់ទៅសាលារៀនវិញ នៅថ្ងៃទី ១៣ ខែឧសភា ខណៈដែលសិស្សនៅសល់ នឹងត្រូវធ្វើឡើងតាមដំណាក់កាល។

ឆ្នាំសិក្សាថ្មីត្រូវបានពន្យារពេលជាង ៥ សប្តាហ៍ទៀត មុនពេលសាលារៀនប្តូរ ទៅរៀនតាមអ៊ិនធឺរណែត ចាប់ពីថ្ងៃទី ៩ ខែមេសា៕

ប្រែសម្រួលៈ ណៃ តុលា

To Top