ព័ត៌មានអន្តរជាតិ

ឆេះអគារកប់ពពក កម្ពស់ ៤៥ជាន់ នៅ អេមីរ៉ាតអារ៉ាប់រួម ប៉ុន្តែស្ថានការណ៍ អាចគ្រប់គ្រងបាន

បរទេស៖ អគ្គិភ័យដ៏ខ្លាំងមួយ បានឆាបឆេះឡើងកាលពីថ្ងៃអង្គារទី ៥ ឧសភា នៅក្នុងអាគារកប់ពពកមួយ នៅទីក្រុង Sharjah នៃប្រទេស អារ៉ាប់រួម។ ខ្សែវីដេអូមួយចំនួនបានបង្ហាញពីអគារនេះ ដែលព័ទ្ធជុំវិញដោយអណ្តាតភ្លើង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាននិយាយថា អគារខ្ពស់កម្ពស់ ៤៥ ជាន់មួយត្រូវបានអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅនៅទីក្រុង Sharjah កាលពីល្ងាចថ្ងៃអង្គារទី ៥ ឧសភា។

ខ្សែវីដេអូជាច្រើនបង្ហាញថា អគ្គិភ័យបានរាលដាលយ៉ាងលឿន និងហ៊ុមព័ទ្ធអាគារស្ទើរតែទាំងអស់។

“ អគ្គិភ័យបានឆាបឆេះនៅប៉មមួយនៃប៉មនៃអគារលំនៅដ្ឋាន។ មនុស្សត្រូវបានជម្លៀសចេញមុនពេលប្រតិបត្តិការពន្លត់អគ្គិភ័យបានចាប់ផ្តើម។ បច្ចុប្បន្នអ្នកពន្លត់អគ្គិភ័យជាច្រើននាក់បានចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យយ៉ាងសន្ធោរសន្ធៅនេះ ជាពិសេសពួកគេបានប្រើប្រាស់យន្តហោះដ្រូនដើម្បីត្រួតពិនិត្យតាមជាន់ៗនៃអាគារនានា។ នេះបើតាមសេចក្តីថ្លែងការណ៍មួយពីការការពារជនស៊ីវិលរបស់ អេមីរ៉ាត។

វីដេអូមួយបង្ហាញថា អ្នកពន្លត់អគ្គីភ័យបានគ្រប់គ្រងស្ថានការណ៍ជាបន្តបន្ទាប់ហើយភ្លើងត្រូវបានគ្រប់គ្រងបានផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top