ព័ត៌មានអន្តរជាតិ

ប៉ាឡេស្ទីន ត្រៀមប្តឹងអាមេរិក ថាបានគាំទ្រផែនការអ៊ីស្រាអ៊ែល រំលោភដីធ្លីពលរដ្ឋប៉ាឡេស្ទីន

បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីយុត្តិធម៍ប៉ាឡេស្ទីន បានប្រកាសថា ខ្លួននឹងដាក់ពាក្យបណ្តឹង ចោទប្រកាន់អាមេរិក ចំពោះការគាំទ្រផែនការរំលោភដី របស់ពលរដ្ឋខ្លួន ជាមួយនឹងរដ្ឋាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល។

លោក Mohammed al-Shalaldeh រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានមានប្រសាសន៍ថា យើងកំពុងស្វែងរកយន្តការច្បាប់ដើម្បី ឲ្យ រដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលខុសត្រូវ ក្នុងការប្រព្រឹត្តឧក្រិដ្ឋកម្ម ប្រឆាំងនឹងប្រជាជនប៉ាឡេស្ទីន តាមរយៈការសហការ ជាមួយនឹងអ៊ីស្រាអែល។

លោកបញ្ជាក់ទៀតថា មួយក្នុងចំណោម សកម្មភាពឧក្រិដ្ឋកម្មនោះ ការព្យាយាមរំលោភដី របស់ពលរដ្ឋប៉ាឡេស្ទីន ក្នុងតំបន់West Bank។ គួរបញ្ជាក់ដែរថា កន្លងមកប៉ាឡេស្ទីន ធ្លាប់បានដាក់ពាក្យបណ្តឹងម្តងហើយ ទៅកាន់តុលាការអន្តរជាតិ នាទីក្រុងVienna អំពីការបំពានសន្ធិសញ្ញាឆ្នាំ១៩៦១ ក្នុងការផ្លាស់ប្តូរស្ថានទូតរបស់ខ្លួន ប្រចាំប្រទេសអ៊ីស្រាអ៊ែល ពីទីក្រុងTel Aviv ទៅកាន់ទីក្រុង Jerusalem កាលពីឆ្នាំ២០១៨៕

ប្រែសម្រួល៖ស៊ុនលី

To Top