ព័ត៌មានអន្តរជាតិ

វៀតណាម ច្រានចោលការសម្រេចចិត្ត ជាឯកតោភាគីរបស់ចិន ស្តីពីការហាមឃាត់ ការនេសាទនៅសមុទ្រខាងកើត

ហាណូយ៖ អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោកស្រី ឡេធី ធូហាង បាននិយាយថា វៀតណាមច្រានចោល ការសម្រេចចិត្តជាឯកតោភាគីរបស់ចិន ស្តីពីការហាមឃាត់ការនេសាទ នៅសមុទ្រខាងកើត ចាប់ពីថ្ងៃទី ១ ខែឧសភា ដល់ថ្ងៃទី ១៦ ខែសីហា។

យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ឆ្លើយនឹងសំនួររបស់អ្នកសារព័ត៌មាន អំពីបញ្ហានៅថ្ងៃសុក្រ លោកស្រី ហាង បានបញ្ជាក់ម្តងទៀតថា វៀតណាមមានភ័ស្តុតាងប្រវត្តិសាស្ត្រ និងច្បាប់គ្រប់គ្រាន់ ដែលបញ្ជាក់ពីអធិបតេយ្យភាពរបស់ខ្លួន ចំពោះប្រជុំកោះហួងសា (Paracel) និងកោះត្រួងសា (ស្ព្រាតលី) ស្របតាមច្បាប់អន្តរជាតិ។

ក្នុងនាមជាប្រទេស នៅឆ្នេរសមុទ្រខាងកើត និងជាសមាជិកនៃអនុសញ្ញាអង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រ ឆ្នាំ ១៩៨២ (UNCLOS) វៀតណាម មានអធិបតេយ្យភាព សិទ្ធិ អធិបតេយ្យ និងយុត្តាធិការ លើដែនទឹករបស់ខ្លួន ដែលបានកំណត់នៅក្នុង UNCLOS និងទទួលបាន ផលប្រយោជន៍ស្របច្បាប់ដទៃទៀត នៅតាមបណ្តោយសមុទ្រ ជាមួយនឹងបទប្បញ្ញត្តិរបស់ UNCLOS ។

ដោយនិយាយអំពីបរិបទតំបន់ និងសកលលោកនាពេលបច្ចុប្បន្ន វៀតណាមស្នើឱ្យចិន កុំធ្វើឱ្យស្មុគស្មាញ ដល់ស្ថានភាពនៅសមុទ្រខាងកើត៕ ប្រែសម្រួលៈ ណៃ តុលា

To Top