Covid-19

CDC អាមេរិក ចេញសេចក្តីព្រមាន ជុំវិញជំងឺ អាថ៌កំបាំងមួយទៀត ទាក់ទងនឹង មេរោគកូវីដ១៩ លើកុមារ

បរទេស៖ ក្រុមមន្រ្តី ជាមួយនឹងមជ្ឈមណ្ឌលអាមេរិក សម្រាប់ការគ្រប់គ្រង និងការពារជំងឺ (CDC) កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីជូនដំណឹងមួយថា ជំងឺរលាក ដែលបានលេចឡើង ក្នុងចំណោមកុមារ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ អាចត្រូវបានផ្សារភ្ជាប់ទៅនឹងជំងឺកូវីដ១៩ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ជំងឺដែលត្រូវបានគេហៅថា រោគសញ្ញារលាកពហុប្រព័ន្ធ ចំពោះកុមារ (MIS-C) ត្រូវបានគេរាយការណ៍ ជាលើកដំបូង នៅចុងខែមេសា នៅចក្រភពអង់គ្លេស។ ទោះយ៉ាងណា ក៏ដោយចាប់តាំង ពីពេលនោះមក មានករណីជាច្រើនទៀត បានលេចឡើង នៅសហរដ្ឋអាមេរិក និងនៅបរទេស។

ប្រទេសបារាំងកាលពីថ្ងៃព្រហស្បតិ៍ បានរាយការណ៍ថា ក្មេងប្រុសអាយុ ៩ ឆ្នាំម្នាក់ ដែលបានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់ជំងឺកូវីដ-១៩ បានស្លាប់ដោយសារជំងឺ MIS-C ដែលជាការកត់សម្គាល់ថា ការស្លាប់ដំបូង របស់ប្រទេសនេះពីជំងឺ។ នៅថ្ងៃទី ៩ ខែឧសភាអភិបាល ក្រុងញូវយ៉កលោក Andrew Cuomo ក៏បានរាយការណ៍ថា កុមារ ៣ នាក់នៅក្នុងរដ្ឋ បានស្លាប់ដោយសារជំងឺនេះ ហើយលោកបាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា មានករណីជំងឺនេះ ដែលត្រូវបានគេស្គាល់ជាង ១០០ ករណីនៅក្នុងទីក្រុងញូវយ៉ក។

ស្ថានភាពនេះត្រូវបាន គេប្រៀបធៀបទៅនឹងជំងឺ Kawasaki ដែលជារឿងធម្មតា ចំពោះកុមារ ដែលមានអាយុតិចជាង ៥ ឆ្នាំហើយបណ្តាល អោយរលាកសរសៃឈាម ពាសពេញរាងកាយ។ ជំងឺនេះជាធម្មតាបណ្តាល ឱ្យមានគ្រុនក្តៅក៏ដូចជា កន្ទួលក្រហម ឈឺបំពង់ក និងហើមកូនកណ្តុរ។ រោគសញ្ញា MIS-C រួមមានគ្រុនក្តៅ ឈឺពោះរាគរូសក្អួត ការផ្លាស់ប្តូរពណ៌ស្បែកកន្ទួល និងពិបាកដកដង្ហើម៕
ប្រែសម្រួលៈ ណៃ តុលា

To Top