ព័ត៌មានអន្តរជាតិ

ថៃ នឹងអនុញ្ញាត ឱ្យសាច់ញាតិ អាចសួរសុខទុក្ខ អ្នកជាប់ឃុំក្នុង ពន្ធនាគារឡើងវិញ ចាប់ពី ថ្ងៃទី១មិថុនា

បរទេស៖ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ថៃ លោក Somsak Thepsutin បាននិយាយកាលពីថ្ងៃពុធថា ប្រជាជននឹងត្រូវអនុញ្ញាតឱ្យទៅសួរសុខទុក្ខអ្នកទោសពន្ធនាគារជាថ្មីទៀត ចាប់ពីថ្ងៃទី ១ ខែមិថុនា ប៉ុន្តែនាយកដ្ឋានកែប្រែ នៅតែសម្រេចចិត្តថាតើត្រូវកំណត់លក្ខខណ្ឌអ្វីខ្លះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា នៅមុននេះក្រសួងយុត្តិធម៌បានផ្អាកដំណើរការសួរសុខទុក្ខសាច់ញាតិដែលជាប់ឃុំនៅក្នុងពន្ធនាគាររហូតដល់ថ្ងៃទី ៣១ ខែឧសភា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺ Covid-19 ។

លោក Somsak បាននិយាយថា ការដកការព្យួរនេះ ត្រូវបានពិភាក្សានៅក្នុងកិច្ចប្រជុំមួយនៅឯក្រសួងកាលពីថ្ងៃពុធ។ វាត្រូវបានគេឯកភាពដោយនាយកដ្ឋានកែប្រែ ដែលនឹងត្រូវដាក់លក្ខខណ្ឌសម្រាប់ភ្ញៀវដែលមកសួរសុខទុក្ខ ដើម្បីអនុលោមតាមសេចក្តីប្រកាស ដែលបានចេញនៅក្នុងខេត្តនីមួយៗទាក់ទងនឹងវិធានការត្រួតពិនិត្យជំងឺ។

ពន្ធនាគារនីមួយៗនឹងត្រូវទុកកន្លែងសមស្របសម្រាប់ការសួរសុខទុក្ខ ហើយពិចារណាលើច្បាប់ទាក់ទងនឹងគម្លាតសង្គម និងចំនួនភ្ញៀវដែលសមរម្យក្នុងមួយថ្ងៃ។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២០នេះ ប្រទេសថៃបានរាយការណ៍ពីករណីឆ្លងវីរុសថ្មីចំនួន ៣ នាក់ បន្ថែមទៀត ដែលបាននាំឱ្យករណីឆ្លងសរុបដល់ទៅ ៣.០៣៧ ករណី។ មិនមានអ្នកស្លាប់បន្ថែមទៀត ត្រូវបានគេកត់ត្រាទុកទេ ដែលធ្វើឱ្យចំនួនអ្នកស្លាប់រក្សាចំនួនដដែល គឺ ៥៦ នាក់៕ប្រែសម្រួលៈ ណៃ តុលា

To Top