ព័ត៌មានអន្តរជាតិ

សប្ដាហ៍ទី៣ នគរបាលផាកពិន័យ យានយន្ដល្មើសច្បាប់ ជាង៨ពាន់ករណី

ភ្នំពេញ ៖ សប្ដាហ៍ទី៣ ចាប់ពីថ្ងៃទី១៥-២១ ខែឧសភា ឆ្នាំ២០២០ នៃការរឹតបន្ដឹង អនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក នគរបាលបានធ្វើការផាកពិន័យ យានយន្ដល្មើសច្បាប់ ចំនួន៨.២២៧ករណី។

យោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ គណៈកម្មាធិការជាតិសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បាន រៀបរាប់ថា យានយន្ដល្មើសច្បាប់ ចំនួន៨.២២៧ករណី ក្នុងនោះ ទោចក្រយានយន្ដ និងត្រីចក្រយានយន្ដ ចំនួន៥.៩៨១ករណី ស្មើនឹង៧២% និងរថយន្ដគ្រប់ប្រភេទ ចំនួន២.២៩៦ករណី ស្មើនឹង២៨%។

ទន្ទឹមនឹងនោះ គ្រោះថ្នាក់ចរាចរណ៍ថយចុះ ១៤លើក ស្មើនឹង២២% ស្លាប់ថយចុះ៩នាក់ ស្មើ២៤% និងរបួសថយថុះ១៦នាក់ ស្មើ១៧% បើប្រៀបធៀបរយៈពេលដូចគ្នា កាលពី ខែមេសា ឆ្នាំ២០២០។

ជាងនេះទៅទៀត គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក ទទូចដល់សាធារណជន និងអ្នកប្រើប្រាស់ផ្លូវគ្រប់រូប បន្ដយកចិត្តទុកដាក់ចូលរួមគោរព និងអនុវត្តច្បាប់ ស្ដីពី ចរាចរណ៍ផ្លូវគោក រួមទាំងប្រកាន់ខ្ជាប់ នូវស្មារតីយោគយល់អាធ្យាស្រ័យ ក្នុងការបើកបរ ដើម្បីការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ខ្លួន និងក្រុមគ្រួសារ ក៏ដូចជា អាយុជីវិត ទ្រព្យសម្បត្តិអ្នកដទៃ ផងដែរ៕

ដោយ ៖ អេង ប៊ូឆេង

To Top
×