ព័ត៌មានអន្តរជាតិ

ចិនសន្យា ប្រឆាំងបកវិញ ប្រសិនបើអាមេរិក ព្យាយាមគាបសង្កត់ក្រុងប៉េកាំង

បរទេស៖ កាលពីសប្តាហ៍មុន រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Mike Pompeo បានព្រមានចិនថា សហរដ្ឋអាមេរិកអាចផ្លាស់ប្តូរ ទស្សនៈរបស់ខ្លួន ចំពោះស្ថានភាពរបស់ហុងកុង ដោយមើលឃើញពីអ្វី ដែលខ្លួនយល់ថា ជាការជ្រៀតជ្រែក ជាមួយសារព័ត៌មានសេរី។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកនាំពាក្យក្រសួង ការបរទេសចិន លោក Zhao Lijian កាលពីថ្ងៃសុក្របានស្តីបន្ទោស ចំពោះការអត្ថាធិប្បាយ របស់សហរដ្ឋអាមេរិក ចំពោះទីក្រុងហុងកុង ដោយនិយាយថា ខ្លួនប្រឆាំង នឹងការជ្រៀតជ្រែកពីបរទេស នៅក្នុងតំបន់រដ្ឋបាលពិសេសនេះ។

លោក Zhao បាននិយាយថា រដ្ឋាភិបាលទីក្រុងប៉េកាំង ស្វែងរកកិច្ចសហប្រតិបត្តិការ និងការសន្ទនា ជាមួយទីក្រុងវ៉ាស៊ីនតោន ប៉ុន្តែថា ចិននឹងប្រយុទ្ធប្រឆាំងតបវិញ ប្រសិនបើសហរដ្ឋអាមេរិក ព្យាយាមគាបសង្កត់ចិន។

ទីក្រុងហុងកុង ត្រូវបានគ្រប់គ្រង ដោយការតវ៉ាដ៏ឃោរឃៅ ចាប់តាំងពីខែមិថុនា។ ដំបូងបាតុករជាច្រើន បានធ្វើដំណើរតាមដងផ្លូវ ដើម្បីតវ៉ានឹងការស្នើធ្វើបត្យាប័ន ប៉ុន្តែកុប្បកម្មនៅតែបន្ត និងក្លាយជាអំពើហឹង្សា ទោះបីជាវិធានការ ដែលមិនមានប្រជាប្រិយភាព ត្រូវបានដកចេញ ក្នុងខែតុលាក៏ដោយ។

ទីក្រុងប៉េកាំងបាននិយាយថា ស្ថានភាពនៅក្នុងទីក្រុងហុងកុង គឺជាលទ្ធផល នៃការជ្រៀតជ្រែករបស់បរទេស នៅក្នុងកិច្ចការផ្ទៃក្នុង របស់ប្រទេសចិន និងបានបង្ហាញ ការគាំទ្រយ៉ាងពេញទំហឹង ចំពោះអាជ្ញាធរមូលដ្ឋាន ដើម្បីបញ្ចៀសអំពើហិង្សា និងស្តារសណ្តាប់ធ្នាប់ឡើងវិញ៕ ប្រែសម្រួលៈ ណៃ តុលា

To Top