ព័ត៌មានអន្តរជាតិ

បាតុកម្ម កំពុងផ្ទុះឡើង នៅអាមេរិក ក្រោយការស្លាប់ បុរសស្បែកខ្មៅម្នាក់ ខណៈកូវីដ១៩ មិនទាន់ ថមថយនៅឡើយ

ភ្នំពេញ៖ បន្ទាប់ពីបុរសស្បែកខ្មៅម្នាក់ បានស្លាប់ដោយសារមន្រ្តីប៉ូលិសម្នាក់ យកជង្គង់សង្កត់លើកញ្ចឹងកនោះ ក្រុមបាតុករបានផ្ទុះកំហឹង រហូតឈានដល់ធ្វើបាតុកម្ម ស្ទើរពាសពេញទឹកដីអាមេរិក ខណៈរហូតមកដល់ពេលនេះ ស្ថានភាពជំងឺកូវីដ១៩ មិនទាន់បានថមថយ នៅឡើយទេ។

ជាក់ស្ដែងគិតមកត្រឹមថ្ងៃសៅរ៍ទី៣០ ខែឧសភានេះកូវីដ១៩ នៅបន្តវាយប្រហារអាមេរិកខ្លាំង នៅឡើយ ដោយតួលេខសរុប អ្នកបានឆ្លង គឺមានការកើនឡើង ទៅដល់១ ៧៩៥ ៦៣៥នាក់ និងបាត់បង់ជីវិត ដល់ទៅ១០៤ ៥៨១នាក់ យោងតាមការវេបសាយ World Meters ។

ប៉ុន្តែអាមេរិក ក្នុងរយៈពេល៥ថ្ងៃចុងក្រោយនេះ គឺបានជួបទៅនឹងបញ្ហាដ៏លំបាកមួយ បន្ថែមទៀត នៅក្នុងប្រទេស ដោយសារហ្វូងបាតុករ រាប់ម៉ឺននាក់ កំពុងបន្តស្រែកតវ៉ា ដោយសន្តិភាពផង និងហិង្សាផង នៅស្ទើរទូទាំងប្រទេស។ ពួកគេទាំងនោះហាក់ដូចជា មិនបានខ្វល់ខ្លាយពី ជំងឺឆ្លងកូវីដ១៩ សោះឡើយ ដោយទីក្រុងខ្លះ មានមនុស្សដល់ទៅ រាប់ពាន់នាក់ ជួបជុំប្រមូលផ្តុំគ្នា។

តាមការចេញផ្សាយចុងក្រោយ និងផ្ទាល់ដោយCNN នៅយប់ថ្ងៃសៅរ៍នេះ ហ្វូងបាតុករបានរាលដាល ទៅដល់ទីក្រុង ចំនួនជាង៣០មកហើយ ក្រោយការស្លាប់បាត់ជីវិត របស់បុរសស្បែកខ្មៅ ឈ្មោះGeorge Floyd ដោយសារការធ្វើបាបពីសំណាក់ ក្រុមប៉ូលីសនៅរដ្ឋ Minnesota ហើយហាក់ដូចជា មិនទាន់សញ្ញាថមថយ ដូចគ្នាទៅនឹងកូវីដ១៩ដែរ។

ចំណែកនៅថ្ងៃនេះក្រុមប៉ូលីស របស់អាមេរិក បានអះអាងថាអតីតមន្ត្រីប៉ូលីសមួយរូប ដែលគ្រប់គ្នាបានឃើញ នៅក្នុងវិដេអូថា ជាអ្នកជាន់សង្កត់ក បុរសស្បែកខ្មៅ លោក George Floyd នោះកន្លងមក គឺធ្លាប់ទទួលរង នូវពាក្យបណ្តឹងប្រមាណជា ១៨មកហើយ។

ទោះបីជាយ៉ាងក្តី ក្រុមប៉ូលីស មិនបានបញ្ជាក់ ពីព័ត៌មានលំអិតនៃពាក្យបណ្តឹងផ្ទៃក្នុងនោះ មានពាក់ព័ន្ធទៅនឹង ករណីអ្វីខ្លះនោះទេ។

លោក Derek Chauvin អតីតមន្ត្រីប៉ូលីសរូបនេះ ត្រូវបានលុបឈ្មោះចោល ពីអង្គភាពប៉ូលីស និងត្រូវបានចាប់ខ្លួន កាលពីថ្ងៃសុក្រ ព្រមទាំងទទួលរង ការចោទប្រកាន់ ពីបទឃាតកម្មកម្រិត៣ នៃច្បាប់របស់អាមេរិកផងដែរ។

សូមរំលឹកដែរថាលោក Floyd ដែលមានវ័យ៤៦ឆ្នាំ ជាអតីតកីឡាករ NBA ត្រូវបានក្រុមប៉ូលីស ដែលដឹកនាំដោយលោក Chauvin ចាប់ឃាត់ខ្លួន ទាំងដែលមិនមានអាវុធ។

នៅក្នុងវិដេអូ ដែលបានរីកសាយ ពេញប្រទេស បានបង្ហាញដែរថាលោក Floyd បានព្យាយាមស្រែក ទាំងវេទនាថា ពិបាកដងដង្ហើមណាស់ ប៉ុន្តែមិនត្រូវបានប៉ូលីសរូបនេះ បន្ថូរបន្ថយឡើយ ហើយក៏បានដាច់ខ្យល់ស្លាប់ នៅពេលបញ្ជូនទៅកាន់ មន្ទីរពេទ្យក្បែរនោះ។

ក្នុងនោះCNN ទើបនឹងចេញផ្សាយ មុននេះបន្តិច បានបញ្ជាក់ថា ហ្វូងបាតុករដោយសារ ការបាត់បង់ជីវិត បុរសស្បែកខ្មៅ George Floyd ដែលនៅក្នុងទីក្រុង វ៉ាស៊ិនតោននោះ គឺបានប្រឈមមុខគ្នា ជាមួយនឹងក្រុមកម្លាំង ពិសេសអាមេរិក ។

ការប៉ះទង្គិចគ្នា ក្រុមបាតុករ បានវាយបំបែក របាំងដែក របស់ក្រុមភ្នាក់ងារពិសេស និងធ្វើឲ្យក្រុមនេះ របួសជាច្រើននាក់ផងដែរ។

ការប៉ះទង្គិចគ្នា ប៉ុន្តែក្រុមកងកម្លាំងការពារនេះ បានធ្វើការឆ្លើយតបបែបអហិង្សា បានតែម្តងគត់ តាមរយៈការរុញច្រានផងស្រែកផង ហើយនិងប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកផង។

ការប្រើប្រាស់ហេតុការណ៍ បាត់បង់ជីវិត របស់លោក George Floyd ក្រុមហ្វូងបាតុករ ក៏បានប្រើប្រាស់ឱកាសនេះ ដើម្បីបង្ហាញពីការមិនចូលចិត្ត ចំពោះលោកប្រធានាធិបតី ដូណាល់ត្រាំ ផងដែរ។

គួរឲ្យដឹងដែរថាបាតុករ ចាប់ផ្តើមប្រមូលផ្តុំគ្នា នៅវេលាម៉ោង១០យប់ និងបន្តប៉ះទង្គិចគ្នា រហូតដល់ម៉ោង៣និង៣០នាទី ទាបភ្លឺថ្ងៃសៅរ៍។

ទាក់ទិនបញ្ហានេះ មន្ត្រីសន្តិសុខ២រូប ត្រូវបានគេបាញ់ឲ្យរបួស ក្នុងហេតុការណ៍ ប៉ះទង្គិចគ្នា ជាមួយនឹងហ្វូងបាតុករ ដែលកើតចេញ ពីកំហឹងនៃការស្លាប់ របស់លោក George Floyd។

ប្រភពដដែលបាន សរសេរទៀតថា ក្នុងចំណោមនោះ មន្ត្រីម្នាក់ដែលបានទទួលរង របួសធ្ងន់ បានដាច់ខ្យល់ស្លាប ខណៈដែលហ្វូងបាតុករបានកើនឡើង ទៅដល់ជាង ៧៥០០នាក់។ ពួកគេបាននាំគ្នា ដើរតាមផ្លូវ និងបានបំផ្លិចបំផ្លាញ ទ្រព្យសម្បតិ្តសាធារណៈជាច្រើន។

ក្រុមប៉ូលីសរបស់ទីក្រុង បានបញ្ជាក់ថា នៅក្នុងចំណោមហ្វូងបាតុករ គឺមានក្រុមមនុស្ស ដែលចូលចិត្ត យកឱកាសបំផ្លាញនិងលួចវត្ថុមានតម្លៃ ចេញពីអគារពាណិជ្ជកម្ម និងតាមផ្សារទំនើបជាដើម ព្រមទាំងខ្លះទៀត ដុតបំផ្លាញ និងវាយប្រហារមកលើក្រុមប៉ូលីស។

រហូតមកដល់ពេលនេះ មានការចាប់ខ្លួន បានជនសង្ស័យជាច្រើននាក់មកហើយ ប៉ុន្តែមិនបានបញ្ជាក់ អត្តសញ្ញាណនៅឡើយនិង កំពុងតែធ្វើការស៊ើបអង្កេតបន្ត ទៅលើករណីនេះ៕

To Top