ព័ត៌មានអន្តរជាតិ

អង្គការណាតូ ឈប់ដាក់ពង្រាយ មីស៊ីលនុយក្លេអ៊ែថ្មីនៅអឺរ៉ុប

បរទេស៖ អង្គការណាតូ តាមសេចក្តីរាយការណ៍ នៅថ្ងៃពុធសប្ដាហ៍នេះ បានព្រមព្រៀងគ្នា ពង្រឹងកិច្ចការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងសក្តានុពល របស់មីស៊ីលរុស្ស៊ី ប៉ុន្តែបានឈប់ដាក់ពង្រាយ គ្រាប់មីស៊ីលនុយក្លេអ៊ែថ្មី នៅក្នុងតំបន់អឺរ៉ុបទៀតហើយ។

រដ្ឋមន្ត្រីនៃអង្គការយោធា មានសមាជិក៣០ប្រទេសនេះ បានជួបប្រជុំគ្នាក្នុងវីដេអូខល រយៈពេលពីរថ្ងៃ ក្រោយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានថ្លែងកាលពីថ្ងៃអាទិត្យសប្ដាហ៍មុន អំពីសព្វាវុធដ៏ទំនើបរបស់រុស្ស៊ី ដោយលើកឡើង ពីការអភិវឌ្ឍអាវុធ និងប្រព័ន្ធការពារ មានល្បឿនលឿនជាងសម្លេង ប្រឆាំងនឹងអាវុធរបស់សត្រូវ។

នៅទីបញ្ចប់នៃកិច្ចប្រជុំនោះ អគ្គលេខាធិការអង្គការណាតូ លោក Jens Stoltenberg បានមានប្រសាសន៍យ៉ាងដូច្នេះថា “ឥរិយាបថរបស់ប្រទេសរុស្ស៊ី កំពុងតែបង្កអស្ថិរភាពនិងគ្រោះថ្នាក់ ហើយនៅក្នុងកិច្ចប្រជុំរបស់យើងថ្ងៃនេះ រដ្ឋមន្ត្រីបានពិភាក្សាគ្នា អំពីបញ្ហាប្រឈមទាំងនេះ និងបានព្រមព្រៀងគ្នា លើទំហំនយោបាយ និងយោធាប្រកបដោយតុល្យភាព”៕ ប្រែសម្រួល៖ប៉ាង កុង

To Top