ព័ត៌មានអន្តរជាតិ

ការដកយោធានៅអឺរ៉ុប របស់លោក ត្រាំ នឹងត្រូវការពេលវេលា និងចំណាយច្រើន

បរទេស៖ អតីតមន្ត្រីជាន់ខ្ពស់៣រូបរបស់អាមេរិកបាននិយាយថា សហរដ្ឋអាមេរិកនឹងត្រូវការពេលវេលាជាច្រើនឆ្នាំ ដើម្បីប្តូរទីបញ្ជាការយោធាធំនៅអឺរ៉ុប ចេញពីប្រទេសអាល្លឺម៉ង់ យកទៅដាក់នៅទីស្នាក់ការកណ្ដាលណាតុ នៅក្នុងប្រទេសប៊ែលហ្ស៊ិក ហើយអគារកែប្រែថ្មី នឹងត្រូវចំណាយប្រាក់ច្រើន។ 

បើទោះជាមានក្តីព្រួយបារម្ភថា សកម្មភាពដែលបានប្រកាសឡើងកាលពីថ្ងៃពុធនោះ គឺជាហេតុផលនយោបាយក៏ដោយ ក៏អតីតមន្ត្រីជាន់ខ្ពស់ទាំងនេះ បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានមួយថា ការធ្វើកំណែទម្រង់និងការផ្លាស់ប្តូរវត្តមានយោធាសហរដ្ឋអាេមរិកនៅអឺរ៉ុបនេះ បង្កឲ្យមានអត្ថន័យបែបយុទ្ធសាស្ត្រ។ 

គួរបញ្ជាក់ថា ស្ថិតក្រោមផែនការកាត់បន្ថយចំនួនកងទ័ព សហរដ្ឋអាមេរិកនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានណែនាំទីបញ្ជាការនៅអឺរ៉ុបរបស់សហរដ្ឋអាមេរិក ផ្លាស់ប្តូរទីតាំងចេញពីតំបន់ស្ទុតហ្គាត ទៅកាន់ទីក្រុង Mons ដែលនៅជិតទីក្រុងព្រួចសែលវិញ៕ 

To Top