ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នៅតែបញ្ជូនពលករ ឲ្យទៅធ្វើការនៅបរទេស

បរទេស៖ កម្មកររបស់ប្រទេសកូរ៉េខាងជើង នៅតែបន្តបញ្ជូន ទៅឲ្យធ្វើការងារនានានៅបរទេស ដែលនោះ គឺជាការរំលោភបំពានទណ្ឌកម្មអន្តរជាតិ នេះបើយោងតាម សេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយទីភ្នាក់សារព័ត៌មានរបស់ជប៉ុន។

កាសែតជប៉ុន ឈ្មោះ Sankei Shimbun បានរាយការណ៍ នៅថ្ងៃព្រហស្បតិ៍ថា កម្មករកូរ៉េខាងជើង នៅតែស្ថិតនៅក្នុងប្រទេសនានា ដូចជាប្រទេសចិន ប្រទេសស៊ីរី ប្រទេសវៀតណាម និងប្រទេសរុស្ស៊ី ដោយសារតែការឆ្លងរាតត្បាត នៃមេរោគកូរ៉ូណា។ កូរ៉េខាងជើងបានបិទព្រំដែនខ្លួន នៅចុងខែមករា ហើយប្រទេសផ្សេងទៀត បានរឹតបន្តឹងលើការធ្វើដំណើរឆ្លងព្រំដែន។

របាយការណ៍ ស្តីពីការរំលោភបំពានទណ្ឌកម្មនេះ តាមសេចក្តីរាយការណ៍ គឺត្រូវបានលើកឡើង ក្នុងរបាយការណ៍ផ្ទៃក្នុងមួយ ដោយគណៈកម្មការ ជំនាញឯករាជ្យឃ្លាំមើល ទណ្ឌកម្មអង្គការសហប្រជាជាតិ កាលពីថ្ងៃចន្ទសប្ដាហ៍នេះ។ ពលករកូរ៉េខាងជើង បានធ្វើការងារផ្សេងជាច្រើន រួមទាំងក្នុងសេវាកម្មចំណីអាហារ ឱសថ និងសំណង់៕ ប្រែសម្រួល៖ប៉ាង កុង

To Top