ព័ត៌មានអន្តរជាតិ

លោក ត្រាំ៖ អ៊ីរ៉ង់នឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងថ្មី យ៉ាងឆាប់រហ័ស ជាមួយអាមេរិក បន្ទាប់ពីលោកជាប់ឆ្នោតឡើងវិញ

វ៉ាស៊ីនតោន៖ កិច្ចព្រមព្រៀងថ្មី រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ នឹងត្រូវបានចុះហត្ថលេខាយ៉ាងលឿន ដោយក្រុងតេអេរ៉ង់ ប្រសិនបើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ឈ្នះយុទ្ធនាការបោះឆ្នោតឡើងវិញរបស់លោក នៅដើមខែវិច្ឆិកាខាងមុខនេះ។

លោកប្រធានាធិបតី បានអះអាងនៅក្នុង សន្និសីទសារព័ត៌មាន កាលពីថ្ងៃទី១០ ខែកញ្ញា នៅឯសេតវិមានថា ប្រសិនបើយើងឈ្នះការបោះឆ្នោតអ៊ីរ៉ង់ នឹងចុះកិច្ចព្រមព្រៀង ជាមួយយើងយ៉ាងឆាប់រហ័ស។

គួរកត់សម្គាល់ថា លោក ត្រាំ បានដកសហរដ្ឋអាមេរិក ចេញពីកិច្ចព្រមព្រៀង ផែនការសកម្មភាពរួម (JCPOA) ឆ្នាំ២០១៥ ឬកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ នៅថ្ងៃទី០៨ ខែឧសភាឆ្នាំ២០១៨។

រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo ថ្មីៗនេះ បានធ្វើឱ្យមានអំណះអំណាងដូចគ្នា នឹងក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្ទាប់ពីសហរដ្ឋអាមេរិក បានដាក់ចេញនូវដំណោះស្រាយ ដើម្បីពង្រីក ការដាក់ទណ្ឌកម្មអាវុធអន្តរជាតិ ប្រឆាំងនឹងទីក្រុងតេអេរ៉ង់ ដែលនឹងត្រូវផុតកំណត់ នៅថ្ងៃទី១៨ ខែតុលា។

ទោះយ៉ាងណាសម្ព័ន្ធមិត្តអាមេរិក បារាំង និងអង់គ្លេស បានប្រកាសជាចំហថា ការជំរុញរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការហៅយន្តការ “ថយក្រោយ” ពិតជារំលោភលើផែនការ JCPOA ដែលកំពុងត្រូវបានគាំទ្រ ដោយប្រទេសហត្ថលេខីរបស់ខ្លួន៕ ដោយ៖ ឈូក បូរ៉ា

To Top