ព័ត៌មានអន្តរជាតិ

ជំនួយការកំពូលៗ របស់ប្រធានាធិបតីកូរ៉េខាងត្បូង ជាច្រើនរូបស្នើលាលែងតំណង

សេអ៊ូល៖ ជំនួយការកំពូលៗ របស់ប្រធានាធិបតីលោក មូន ជេអ៊ីន បានដាក់ការលាលែងតំណែង កាលពីថ្ងៃពុធ ដើម្បីកាត់បន្ថយបន្ទុកនយោបាយ របស់ប្រធានាធិបតី ដែលប្រឈមនឹងការរិះគន់ លើផ្នែកសំខាន់ៗក្នុងស្រុកមួយចំនួន។

លោក Chung Man-ho លេខាធិការប្រធានាធិបតីជាន់ខ្ពស់ សម្រាប់ការទំនាក់ទំនងសាធារណៈ បានឲ្យដឹងនៅក្នុង សន្និសីទសារព័ត៌មានមួយថា លោក Noh Young-min ប្រធានបុគ្គលិកប្រធានាធិបតី និងលោក Kim Sang-jo ប្រធានបុគ្គលិក របស់ប្រធានាធិបតី សម្រាប់គោលនយោបាយ និងលោក Kim Jong-ho ដែលជាលេខាធិការ ប្រធានាធិបតីជាន់ខ្ពស់ ទទួលបន្ទុកកិច្ចការស៊ីវិល បានស្នើការលាលែងពីតំណែងរបស់ពួកគេ។

ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលការវាយតម្លៃ ការយល់ព្រមការងារ របស់លោក មូន បានធ្លាក់ចុះមកនៅក្រោម ៤០ ភាគរយ ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយសារតែភាពនឿយហត់ របស់សាធារណជន ចំពោះការអូសទាញនយោបាយ រយៈពេលមួយខែ រវាងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងប្រធានអយ្យការ និងភាពចម្រូងចម្រាស លើវ៉ាក់សាំងជំងឺកូវីដ-១៩ របស់រដ្ឋាភិបាល និង គោលនយោបាយលទ្ធកម្ម ក្នុងចំណោមក្រុមហ៊ុនដទៃទៀត៕ ដោយ៖ ឈូក បូរ៉ា

To Top