វ៉ាស៊ីនតោន៖ បណ្ដាមេដឹកនាំសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានអំពាវនាវ ឲ្យមានការដោះលែង ជាបន្ទាន់នូវអ្នករិះគន់ របស់វិមានក្រឹមឡាំង និងជាមេដឹកនាំប្រឆាំង គឺលោក Alexei Navalny ដែលត្រូវបានឃុំខ្លួននៅពេលមកដល់ព្រលានយន្តហោះមូស្គូ កាលពីថ្ងៃអាទិត្យ បន្ទាប់ពីលោកបាន ចេញទៅកាន់ប្រទេសរុស្ស៊ី ពីប្រទេសអាល្លឺម៉ង់ ជាលើកដំបូងចាប់តាំងពី លោកត្រូវបានគេបំពុល កាលពីរដូវក្តៅមុន ។
រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានលើកឡើងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក“ ថ្កោលទោសយ៉ាងខ្លាំង” ចំពោះការចាប់ខ្លួន លោកមេដឹកនាំបក្សប្រឆាំងខាងលើនេះ។
លោកបានបន្ថែមថា“ យើងកត់សម្គាល់ ដោយការព្រួយបារម្ភយ៉ាងខ្លាំងថា ការឃុំខ្លួនលោក គឺជាការប៉ុនប៉ងចុងក្រោយ ដើម្បីបំបិទមាត់លោក Navalny និងឥស្សរជនប្រឆាំងផ្សេងទៀត និងសំលេងឯករាជ្យ ដែលរិះគន់អាជ្ញាធររុស្ស៊ី” ។
លោក Navalny ត្រូវបានឃុំខ្លួននៅអាកាសយានដ្ឋាន Sheremetyevo នៃទីក្រុងមូស្គូ មិនដល់មួយម៉ោងផងបន្ទាប់ពីលោក បានធ្វើដំណើរពីប្រទេសអាល្លឺម៉ង់ ជាកន្លែងដែលលោក បានជាសះស្បើយពីការបំពុល ដែលលោកនិយាយថា ត្រូវបានបញ្ជាដោយប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន។
អ្នកជំនាញលោកខាងលិចសន្និដ្ឋានថា លោក ត្រូវបានបំពុលដោយថ្នាំ Novichok ដែលផលិតដោយសូវៀត។ នៅក្នុងនោះដែរវិមានក្រឹមឡាំង បានបដិសេធរាល់ការពាក់ព័ន្ធណាមួយ ហើយក្រុមអ្នកស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងផងដែរថា គ្មានហេតុផលណាមួយ ដើម្បីបើកការស៊ើបអង្កេតលើករណីនេះ នោះទេ៕
ដោយ ឈូក បូរ៉ា