វេជ្ជបណ្ឌិតនិងបុគ្គលិកដទៃទៀត ដែលទាក់ទងជាញឹកញាប់ជាមួយអ្នកជំងឺកូវីដ១៩ ឬអ្នកដែលសង្ស័យថាឆ្លងមេរោគ នឹងស្ថិតក្នុងចំណោមមនុស្សដំបូងគេ ដែលនឹងត្រូវបានចាក់វ៉ាក់សាំងជាមួយថ្នាំវ៉ាក់សាំង AstraZeneca ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់ក្រុមមន្រ្តី និយាយនៅក្នុងសន្និសីទសារព័ត៌មានរបស់រដ្ឋាភិបាលកាលពីថ្ងៃអង្គារថា មនុស្សផ្សេងទៀតនៅក្នុងបញ្ជីអាទិភាពដែលនឹងត្រូវចាក់វ៉ាក់សាំងមុនគេនោះ គឺមនុស្សវ័យចំណាស់ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដែលធ្វើឱ្យពួកគេងាយរងគ្រោះ ប្រសិនបើពួកគេឆ្លងជំងឺ និងមន្រ្តីផ្នែកការទូត។
ក្រុមហ៊ុន AstraZeneca PLC ដែលជាក្រុមហ៊ុនផលិតឱសថ រវាងចក្រភពអង់គ្លេស – ស៊ុយអ៊ែត ដែលមានការិយាល័យកណ្តាលរបស់ខ្លួននៅខេមប្រីន ចក្រភពអង់គ្លេស បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយកាលពីថ្ងៃច័ន្ទ ដើម្បីផ្គត់ផ្គង់វ៉ាក់សាំងដល់ប្រទេសវៀតណាម ចំនួន ៣០ លានដូស នៅក្នុងឆមាសទី ១ នៃឆ្នាំនេះ ។
ព័ត៌មានលម្អិតផ្សេងទៀតនៃកិច្ចព្រមព្រៀងរួមទាំងការកំណត់តម្លៃ និងការផ្តល់ពេលវេលាមិនត្រូវបានបញ្ជាក់ទេ។
អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Tran Van Thuan និយាយថា “ យើងកំពុងចរចានៅឡើយប៉ុន្តែយើងនឹងព្យាយាមទទួលវ៉ាក់សាំងឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ អ្វីដែលជាជំហរនៅពេលនេះ គឺសហភាពអឺរ៉ុបកំពុងកម្រិតការនាំចេញវ៉ាក់សាំង” ៕ប្រែសម្រួលៈ ណៃ តុលា