ព័ត៌មានអន្តរជាតិ

ពួកឧទ្ទាមហូធី ប្រើប្រាស់កូនដ្រូនវាយប្រហារ លើអាកាសយានដ្ឋាន អារ៉ាប៊ីសាអូឌីត

បរទេស៖ ពួកឧទ្ទាមហូធីគាំទ្រដោយ អ៊ីរ៉ង់នៅក្នុងប្រទេសយេម៉ែន បាននិយាយប្រាប់ថា ខ្លួនបានធ្វើការវាយប្រហារដោយកូនដ្រូន ទៅលើអាកាសយានដ្ឋាន Abha របស់ប្រទេសអារ៉ាប៊ីសាអូឌីត នៅថ្ងៃពុធនេះ ដែលកងកម្លាំងចម្រុះដឹកនាំ ដោយអារ៉ាប៊ីសាអូឌីត កំពុងប្រយុទ្ធនឹងកងកម្លាំងពួកហូធី និយាយថា បានបង្កឲ្យមានភ្លើងឆេះ ក្នុងយន្តហោះស៊ីវិលមួយគ្រឿង។

មន្ត្រីនាំពាក្យយោធារបស់ពួកហូធី លោក Yahya Sarea បានមានប្រសាសន៍ប្រាប់ថា កូនដ្រូនពួកហូធី ត្រូវបានប្រើប្រាស់ក្នុងការវាយប្រហារមួយ ដែលលោកនិយាយថា បានវាយចំអាកាសយានដ្ឋាន Abha ស្ថិតនៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីតភាគខាងត្បូង នារសៀលថ្ងៃពុធនេះ។

សេចក្តីថ្លែងការណ៍របស់កងកម្លាំង ចម្រុះមួយបាននិយាយដូច្នេះថា “ការប៉ុនប៉ងវាយប្រហារអាកាសយានដ្ឋាន Abha នោះ គឺជាឧក្រិដ្ឋកម្មសង្គ្រាមមួយ និងធ្វើឲ្យជីវិតអ្នកដំណើរ ស៊ីវិលស្ថិតក្នុងគ្រោះថ្នាក់” និងបន្ថែមទៀតថា យន្តហោះគឺស្ថិតលើដី នៅពេលត្រូវវាយប្រហារនោះ ហើយភ្លើងត្រូវបានគ្រប់គ្រងបាន។

គួរបញ្ជាក់ថា ចលនាពួកឧទ្ទាមហូធីនៅយេម៉ែន ជារឿយៗបានវាយប្រហារដោយកូនដ្រូ និងមីស៊ីល ចូលទៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ដែលភាគច្រើនត្រូវទីក្រុងរីយ៉ាដនិយាយថា ត្រូវបានបាញ់ទម្លាក់ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top