ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំងចិន ហោះហើរក្បែរតំបន់ដែនអាកាសតៃវ៉ាន់ ស្របពេលតែងតាំង រដ្ឋមន្ត្រីការពារជាតិថ្មី

បរទេស៖ កងទ័ពអាកាសរបស់កោះតៃវ៉ាន់ នៅថ្ងៃសុក្រនេះ បានចេញយន្តហោះយ៉ាងប្រញាប់ប្រញាល់ ក្រោយយន្តហោះចម្បាំងចិនចំនួន ៨គ្រឿង បានហោះហើរចូលក្នុងផ្នែកនិរតី នៃតំបន់ការពារដែនអាកាសរបស់ខ្លួន ក្នុងដំណើរបង្ហាញមួយទៀត នូវសកម្មភាពយោធា នៅជុំវិញកោះកាន់លទ្ធិប្រជាធិបតេយ្យមួយនេះ។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយថា យន្តហោះចម្បាំងចិន J-16 ចំនួន៤គ្រឿង និងយន្តហោះចម្បាំង JH-7 ចំនួន៤គ្រឿង ក៏ដូចជាយន្តហោះសង្គ្រាម អេឡិកត្រូនិកមួយគ្រឿងផងដែរ បានហោះហើរ នៅជិតក្រុមកោះ Pratas ដែលតៃវ៉ាន់គ្រប់គ្រង នៅផ្នែកនៃដែនសមុទ្រចិនខាងត្បូង។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា កងកម្លាំងទ័ពអាកាសតៃវ៉ាន់ បានចេញយន្តហោះយ៉ាងប្រញាប់ប្រញាល់ ជាមួយការព្រមានតាមវិទ្យុ និងដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស ដើម្បីឃ្លាំមើលសកម្មភាពនោះ។

គួរបញ្ជាក់ថា ទីក្រុងប៉េកាំង ដែលអះអាងថាកោះតៃវ៉ាន់ជាទឹកដីចិននោះ បាននិយាយថា ខ្លួនកំពុងតែធ្វើការឆ្លើយតបនឹងអ្វីដែលខ្លួនហៅថា ជាការឃុមឃិតគ្នារវាងទីក្រុងតៃប៉ិ និងទីក្រុងវ៉ាស៊ីនតោន ដែលជាអ្នកគាំទ្រ និងផ្គត់ផ្គង់អាវុធអន្តរជាតិដ៏ចម្បង៕

ប្រែសម្រួល៖ ប៉ាង កុង


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top